(ញូដេលី)៖ ទីភ្នាក់ងារ​អវកាសឥណ្ឌា ISRO នាថ្ងៃព្រហស្បតិ៍នេះ​បានបាញ់​បង្ហោះផ្កាយរណបអង្កេតផែនដី​ស៊េរីថ្មីឈ្មោះថា ហ៊ីសអាយអ៊ែស (HysIS) ព្រមទាំង​ផ្កាយរណប ៣០គ្រឿងទៀត តាមរយៈគ្រាប់រ៉ុក្កែត​ PSLV-C43 ឡើងទៅកាន់ទីអវកាស។ នេះបើតាម​​ការ​ដកស្រង់ការផ្សាយ​ចេញពី ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

បើតាមសេចក្តី​ប្រកាសរបស់ ISRO ផ្កាយរណបទាំង ៣១គ្រឿង ត្រូវបាន​រ៉ុក្កែត PSLV-C43 នាំយកឡើង​ទៅកាន់​ទីអវ​កាស​ពី​មជ្ឈមណ្ឌល​អវកាស សាទីស ដាវ៉ាន (Satish Dhawan) លើកោះ ស្រ៊ីហារីកូតា (Sriharikota) ភាគខាងត្បូងឥណ្ឌា​​ដោយជោគជ័យ ហើយក្នុង​ចំណោម​​​នោះ HysIS គឺជាផ្កាយរណប​ចម្បង​គេ។ អង្គការ ISRO បាន​ឲ្យដឹងទៀតថា HysIS នឹងចាប់យករូបភាព​ផែនដីទាំង​មូល​ ក្នុងទម្រង់ប្រេកង់​ជាច្រើន ហើយ​ផ្កាយរណបនេះ​នឹង​មានអាយុ​កាល​​ បំពេញបេសកកម្ម​​រយៈពេល ០៥ឆ្នាំ។

គួរជម្រាបថា ខាងលើគឺជាការ​បញ្ជូនផ្កាយរណប​លើកទី ២ ហើយនៅក្នុងខែនេះ​សម្រាប់ទីភ្នាក់ងារ​អវកាសឥណ្ឌា​ ដោយកាលពី​ថ្ងៃទី១៤ ខែវិច្ឆិកា ISRO បានបញ្ជូនផ្កាយរណប​ទំនាក់ទំនង​​មួយគ្រឿងឈ្មោះ GSAT-29 តាម​រយៈ​​គ្រាប់​​រ៉ុក្កែត GSLV Mark III ឡើង​ទៅ​ទីអវកាស៕