(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី​លោក រ៉េសិព រាយយីព អឺដូហ្គាន់ (Recep Tayyip Erdogan) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ការទិញប្រព័ន្ធមីស៊ីល​ការពារដែន​អាកាស S-400 ពីរុស្ស៊ីនឹងត្រូវធ្វើ​ឡើងតាមរយៈការប្រើប្រាស់​រូបិយវត្ថុជាតិ ដែលនេះគឺជាផ្នែក​មួយនៃកិច្ចខិត​ខំប្រឹង ប្រែងមិនចាយប្រាក់​ដុល្លារអាមេរិក​ ក្នុងការធ្វើពាណិជ្ជកម្ម​រវាងប្រទេស​ទាំងពីរ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការលើកឡើង​បែបនេះរបស់​លោក Erdogan ធ្វើឡើងនៅក្នុង​បទសម្ភាសន៍​ជាមួយ​ប្រព័ន្ធផ្សព្វផ្សាយ​នៅក្នុងស្រុក និងនៅមុន ពេលចាកចេញ​ដំណើរទៅចូលរួម​កិច្ចប្រជុំកំពូល G20 ក្នុងប្រទេស​អាហ្សង់ទីនដែលនឹងប្រព្រឹត្ត​ទៅនៅចុង​ខែវិច្ឆិកានេះ។ ថ្លែង​នាឱកាសនោះ លោក Erdogan បានគូសបញ្ជាក់​យ៉ាងដូច្នេះថា «កិច្ចព្រមព្រៀង​ទិញ S-400 នឹងត្រូវធ្វើឡើង​តាមរយៈការ​ប្រើប្រាស់ រូបិយវត្ថុជាតិ... ហើយការប្រគល់​ប្រព័ន្ធមីស៊ីលនេះ​ គួរតែត្រូវបញ្ចប់ទាំង​ស្រុងនៅដំណាច់​ឆ្នាំ២០១៩»

គួរជម្រាបថា កាលពីឆ្នាំ២០១៧ តួកគីចុះហត្ថលេខា​ទិញប្រព័ន្ធមីស៊ីល S-400 ចំនួន ០៤គ្រឿងក្នុងតម្លៃ ២.៥ពាន់លានដុល្លារ ជាមួយកម្ចី​ពីរុស្ស៊ី ៥៥ភាគរយ ហើយកាល​ពីខែតុលា កន្លងទៅ ទីក្រុងអង់ការ៉ាក៏បាន​អះអាងដែរថា S-400 អាចនឹង​ត្រូវបាន ដាក់ពង្រាយនៅ​លើទឹកដីតួកគី​នៅខែតុលា ឆ្នាំ២០១៩៕