(រីយ៉ាដ)៖ ខណៈដែលប្រធានាធិបតី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យ​ទម្លាក់ថ្លៃប្រេង អារ៉ាប៊ីសាអូឌីត​បាន​បង្កើនការផលិតប្រេង​របស់ខ្លួនក្នុងខែវិច្ឆិកានេះ ដល់កម្រិត​ខ្ពស់បំផុត​ពុំធ្លាប់មានក្នុងប្រវត្តិសាស្រ្ត។ នេះបើតាមការដក​ស្រង់​ការ​ផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

​កម្រិតនៃការផលិត​ប្រេងឆៅរបស់​អារ៉ាប៊ីសាអូឌីត​ក្នុងខែវិច្ឆិកានេះ ត្រូវគេ​រាយការណ៍​ថា បានកើនដល់ ១១.១ ទៅ​ ១១.៣​​​លានបារ៉ែលក្នុង​មួយថ្ងៃៗ ដែលវាស្មើនឹងកំណើន​កន្លះលានបារ៉ែល​ក្នុងមួយថ្ងៃ ធៀបនឹងខែតុលា​កន្លងទៅ និងជាង​ ១​ លានបារ៉ែល​​ធៀបនឹងអំឡុងដើម​ឆ្នាំ២០១៨ ស្របពេលដែល​សមាជិក​នៃអង្គការ OPEC នាំគ្នាកាត់​បន្ថយ​ការផលិត​។

ទន្ទឹមនឹងនេះ​កិច្ចប្រជុំ OPEC មួយ ដែលនឹងមានការ​ពិភាក្សាអំពីមធ្យោបាយ​ ដើម្បីដោះស្រាយ​ការធ្លាក់ថ្លៃ​ប្រេងនោះ នឹងប្រព្រឹត្តទៅ​បន្ទាប់ពីបណ្តាថ្នាក់ដឹកនាំ​ នៃ​​​ប្រទេសផលិតប្រេង​ឈានមុខលើ​ពិភពលោក ដូចជា​​​ប្រធានាធិបតីរុស្ស៉ី​លោក វ៉្លាឌីមៀ ពូទីន រាជទាយាទ​អារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ មហាម៉េដ ប៊ិនសាល់ម៉ាន់ (Mohammed bin Salman) និង​ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ ធ្វើដំណើរ​ទៅអាហ្សង់ទីន ដើម្បីចូលរួម​កិច្ចប្រជុំ G20 នា​សប្តាហ៍នេះ ប៉ុន្តែ​អារ៉ាប៊ីសាអូឌីត​ត្រូវ​គេរំពឹងថា​នឹងមិនកាត់បន្ថយការ​ផលិតឡើយ។

សហរដ្ឋអាមេរិក ដែលពុំមែន​ជាសមាជិក OPEC បានទទូច​មិនឲ្យ​ OPEC កាត់បន្ថយ​ការផលិតប្រេង​​ឡើយ។ លោក ត្រាំ បានស្នើហើយ​ស្នើទៀតឲ្យ​អារ៉ាប៊ីសាអូឌីត ជួយរក្សាថ្លៃប្រេង​ឲ្យនៅទាប ហើយព្រះ​អង្គម្ចាស់ Mohammed bin Salman ត្រូវគេ​រាយការណ៍ថា មិនចង់មានការប្រឈមមុខ​ដាក់គ្នាលើអ្វីមួយ​ ជាមួយទីក្រុងវ៉ាស៊ីនតោន​នោះទេ រួម​ទាំង​បញ្ហា​​ថ្លៃប្រេងជាដើម ខណៈដែល​លោក ត្រាំ បានជំទាស់ចំពោះ​ការស្នើឲ្យដាក់ទណ្ឌកម្ម​លើទីក្រុងរីយ៉ាដ ជុំវិញ​ករណី​ឃាតកម្មអ្នក​កាសែត​អាមេរិក Washingon Post លោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi)។

គួរជម្រាបថា ទីក្រុងរីយ៉ាដ​បានយល់ព្រមបង្កើន​ការផលិតប្រេងរបស់ខ្លួន កាលពីខែមិថុនា ដើម្បីឆ្លើយតប​ចំពោះ​ការ​អំពាវនាវ​ពីអតិថិជនដូចជា​ សហរដ្ឋអាមេរិក និង​ឥណ្ឌា ដើម្បីជួយកាត់​បន្ថយថ្លៃប្រេង និងដោះស្រាយ​បញ្ហាកង្វះខាត​​ការផ្គត់ផ្គង់បន្ទាប់ពីទីក្រុង​វ៉ាស៊ីនតោន​បានដាក់ទណ្ឌកម្ម​ឡើងវិញលើអ៊ីរ៉ង់ ដែលអ្នក​ផលិត​ប្រេងធំទី​បីនៅ OPEC៕