(ប៊ុយណូសអ៊ែរែស)៖ អង្គការឃ្លាំ​មើលសិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch បានស្នើឲ្យ​អាហ្សង់ទីន​​ប្រើច្បាប់​ចែងពីឧក្រិដ្ឋកម្មសង្រ្គាម ​នៅក្នុងរដ្ឋធម្មនុញ្ញ​របស់ខ្លួន ដើម្បីស៊ើបអង្កេត​លើ​ទំនាក់ទំនង​​ នៃព្រះអង្គម្ចាស់​អារ៉ាប៊ី​សាអូឌីត ម៉ូហាំម៉េដ ប៊ិនសាល់ម៉ាន់ (Mohammed bin Salman) នៅក្នុងបទល្មើស​ប្រឆាំងមនុស្សជាតិ​ ដែលអាចកើតមាន​នៅប្រទេស​យេម៉ែន និងការធ្វើឃាត​អ្នក​កាសែត ចាម៉ាល់ ខានហូកជី (Jamal Khashoggi)។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន Channel News Asia នៅ​​ព្រឹក​ថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

រដ្ឋធម្មនុញ្ញ​នៃប្រទេសអាហ្សង់ទីន ទទួលស្គាល់គោលការណ៍​នៃដែនសមត្ថកិច្ច​សកល​សម្រាប់​ឧក្រិដ្ឋកម្ម​សង្រ្គាម​ និង​​ការធ្វើទារុណកម្ម ដូច្នេះហើយ​​អាជ្ញាធរ​​យុត្តិធម៌​អាហ្សង់ទីន មានសិទ្ធិធ្វើការស៊ើប​អង្កេត និងកាត់ទោស​បទល្មើស​ប្រភេទ​នេះ​ដោយមិនខ្វល់ថា​ ទង្វើទាំងនោះបានកើត​ឡើងនៅទីណា អ្នកណាជាអ្នក​ប្រព្រឹត្ត ឬក៏​ជនរងគ្រោះ​ជាជនជាតិអ្វី​​នោះ​ឡើយ។

បើតាមការបញ្ជាក់​ពីអង្គការ HRW ការជ្រើសរើសយកប្រទេស​អាហ្សង់ទីនបែបនេះ គឺដោយសារតែ​ព្រះអង្គម្ចាស់​ស្នង​រាជ្យអារ៉ាប៊ីសាអូឌីត​អង្គនេះ នឹងត្រូវយាងចូល​រួមពិធីបើកកិច្ច​ប្រជុំកំពូលនៃប្រទេសសេដ្ឋកិច្ចធំៗ G20 ក្នុង​សប្តាហ៍នេះ​នៅ​ឯ​រដ្ឋ​ធានី​​ប៊ុយ​ណូស​អ៊ែរែស (Buenos Aires) របស់​អាហ្សង់ទីនផ្ទាល់។

គួរជម្រាបថា ករណីឃាតកម្ម​លើលោក Khashoggi នៅស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត ក្នុងទឹកដី​ប្រទេសតួកគី កាលពី​ដើមខែតុលា បានធ្វើឲ្យទំនាក់ទំនង​​អារ៉ាប៊ីសាអូឌីត​និងលោកខាងលិច​មានការធ្លាក់ចុះគួរឲ្យកត់​សម្គាល់ និងបានធ្វើ​ឲ្យ​អាប់ឱនព្រះកិត្តិនាម​របស់ទ្រង់ជាខ្លាំងនៅលើឆាកអន្តរជាតិ។

ជុំវិញសង្រ្គាមនៅយេម៉ែន បណ្តាប្រទេសលោកខាងលិច កំពុងអំពាវនាវឲ្យ​ក្រុមយោធាដឹកនាំ​ដោយអារ៉ាប៊ីសាអូឌីត ​បិទ​បញ្ចប់​ប្រតិបត្តិ​ដែលចាប់ផ្តើមឡើងដោយ​ព្រះអង្គម្ចាស់ Mohammed bin Salman ខណៈដែលវិបត្តិ​មនុស្សធម៌​កាន់​តែ​ធ្ងន់​ធ្ងរ​​ទៅៗ៕