(វ៉ាស៊ីនតោន)៖ មេបញ្ជាការយោធា​អាមេរិកមួយរូប បានឲ្យដឹងនា​ថ្ងៃចន្ទសប្តាហ៍​នេះថា យន្តហោះ​ទម្លាក់គ្រាប់បែក​​របស់​អាមេរិក លែងធ្វើការហោះហើរ​បង្ហាញសាច់ដុំ នៅលើឧបទ្វីប​កូរ៉េទៀតហើយ បន្ទាប់ពី​កូរ៉េខាងត្បូង​បានស្នើសុំឲ្យ​ផ្អាកការធ្វើ​សកម្មភាព​នេះ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

បើតាមលោក ឆាឡែស ប្រោន (Charles Brown) ដែលជាអគ្គមេបញ្ជាការកងទ័ពអាកាស​អាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិក ​ការ​ផ្អាកសកម្មភាព​ហោះហើរ​របស់យន្តហោះ​ទម្លាក់គ្រាប់បែក​នេះ គឺក្នុងគោលបំណង​ជួយដល់កិច្ចប្រឹងប្រែង​តាមផ្លូវការទូត ដើម្បីដោះស្រាយ​​បញ្ហា​អាវុធនុយក្លេអ៊ែរ​នៃប្រទេស​កូរ៉េខាងជើង។

គួរជម្រាបថា ក្នុងផ្នែកនៃបេសកកម្ម​ឈ្មោះថា Continuous Bomber Presence Mission ទ័ពអាកាសអាមេរិក​បាន​បន្ត​រក្សាវត្តមាន យន្តហោះ​ទម្លាក់គ្រាប់បែក​ធុន B-1B, B-52, និង B-2 នៅលើ​កោះហ្គាំ (Guam) ក្នុងដែនសមុទ្រ​ប៉ាស៊ីហ្វិក ចាប់​តាំង​តែ​ពី​​ឆ្នាំ​២០០៤ ​មកម្ល៉េះ។
ទីក្រុង​វ៉ាស៊ីនតោន​ជារឿយៗ​បានបញ្ជូន​យន្តហោះ​ទាំងនោះ ឲ្យធ្វើការហោះ​ហើរ​ជាមួយ​ប្រទេសជប៉ុន កូរ៉េខាងត្បូង និងអូស្រ្តាលី ក្រោមរូបភាពជាការហ្វឹក​ហ្វឺន​ក៏ដូចជាការ​បង្ហាញសាច់ដុំ​នៃកម្លាំងយោធា​ប្រឆាំងនឹង​កូរ៉េខាងជើង ព្រម​ទាំងគូបដិបក្ខ​ដទៃៗទៀត។

ម៉្យាងវិញទៀត ចាប់តាំងតែពី​មានកិច្ចប្រជុំកំពូលជា​ប្រវត្តិសាស្រ្ត នៅប្រទេស​សិង្ហបុរី កាលពីខែមិថុនា រវាង​ប្រធានាធិប​តី​អាមេរិក​លោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំ​កំពូល​ផុតលេខកូរ៉េខាងជើង​លោក គីម ជុងអ៊ុន មកសហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​បានសម្រេចផ្អាក​ ក៏ដូចជាបង្រួមទំហំនៃការធ្វើ​សមយុទ្ធយោធា​រួម​មួយចំនួន​របស់សម្ព័ន្ធមិត្ត​ទាំងពីរ​ផងដែរ​៕