(កៀវ)៖ ក្រុមបាតុករអ៊ុយក្រែនជាច្រើននាក់ បានប្រមូលផ្ដុំគ្នានៅខាងក្រៅ​ស្ថានទូតរុស្ស៊ី ប្រចាំទីក្រុងគៀវ ដើម្បីសម្ដែងការតវ៉ា​ប្រឆាំងនឹងទីក្រុងម៉ូស្គូ ដែលបានរឹបអូស​ទូកអ៊ុយក្រែនចំនួន ០៣គ្រឿង ក្រោយមានការ​បះទង្គិចគ្នានៅឯដែនសមុទ្រ​នៃឧបទ្វីប​​គ្រីមៀ។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន BBC នៅរសៀល​ថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្រុមបាតុករ​ប្រមាណ ១៥០នាក់ បានប្រមូលផ្ដុំគ្នានៅ​ខាងក្រៅស្ថាន​ទូត​រុស្ស៊ី ប្រចាំទីក្រុងកៀវ ដោយថែមទាំងដុតរថយន្ដមួយគ្រឿង ជាកម្មសិ​ទ្ធិរបស់ស្ថានទូតរុស្ស៊ី​ទៀតផង។ «យើងបានប្រមូល​ផ្ដុំគ្នានៅថ្ងៃនេះ ដើម្បតវ៉ាប្រឆាំងនឹង​ទង្វើរបស់រុស្ស៊ី​នៅថ្ងៃនេះ ជាពិសេសគឺ​ការបាញ់ប្រហារ​លើយោធារបស់​ពួកយើង... ហើយអ៊ុយក្រែនគួរតែកាត់​ផ្ដាច់រាល់ទំនាក់ទំនង​ការទូត​ទាំងអស់ ជាមួយប្រទេស មួយនេះតាំងតែពី​យូរណាស់​មកហើយ»។ នេះគឺជាសម្ដី​របស់បាតុករ​ម្នាក់។

គួរជម្រាបថា ភាពតានតឹង​រវាង​អ៊ុយក្រែន និងរុស្ស៊ី​បានផ្ទុះឡើង​កាលពី​​ថ្ងៃអាទិត្យ បន្ទាប់ពីទីក្រុង​ម៉ូស្គូ​ចោទថា ទូកអ៊ុយក្រែន​​បី​គ្រឿង​បានចូលក្នុងតំបន់​ដែនទឹក​របស់ខ្លួន​ដោយខុសច្បាប់។ លើសពីនេះ​ទៅទៀត អាជ្ញាធរ​អ៊ុយក្រែន​ក៏បានអះអាងដែរថា ទូកប្រដាប់​ដោយ​កាំភ្លើង ០២គ្រឿង និងទូកល្បាតធម្មតា​​មួយគ្រឿង​ត្រូវបានភាគីរុស្ស៊ី​រឹបអូស រីឯក្រុមនាវិកអ៊ុយក្រែន​មួយចំនួន​​បាន​រងរបួស ដោយការបាញ់ប្រហារ​ពីភាគីរុស្ស៊ី។

ប្រទេសទាំងពីរ​​បានបន្ទោស និងចោទប្រកាន់​ដាក់គ្នាទៅវិញ​ទៅមក ខណៈនៅថ្ងៃចន្ទនេះ​សមាជិកសភាអ៊ុយក្រែ​នឹងបោះឆ្នោត​សម្រេច​ថា តើត្រូវប្រកាសដាក់ឱ្យ​ប្រើច្បាប់​អាជ្ញាសឹក ឬក៏យ៉ាងណា ស្របពេលភាគីរុស្ស៊ីក៏​បានស្នើកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ​ នៃអង្គការសហប្រជាជាតិ​ជាបន្ទាន់​៕