(អាមេរិក)៖ ទីភ្នាក់ងារ​អវកាសអាមេរិក NASA នាពេលនេះ​បានធ្វើការរៀបចំ​ចុងក្រោយនៅមុន​ពេលយាន InSight ធ្វើការចុះ​ចត​នៅលើផ្ទៃនៃ​ភពអង្គារ (Mars)។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មានចិន​ស៊ីនហួរ នៅព្រឹក​ថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

មុនពេល InSight ត្រូវចុះទៅជាន់​ដល់លើផ្ទៃ​របស់ Mars នាវេលាម៉ោង​ប្រហែល ០៣៖០០នាទី​រំលងអធ្រាត្រ ​ឈាន​ចូល​ថ្ងៃអង្គារសប្តាហ៍​នេះ (ម៉ោងនៅកម្ពុជា) ក្រោយការធ្វើ​ដំណើរសរុបចម្ងាយ ​៤៨០លានគីឡូម៉ែត្រ​ពីផែនដី NASA បាន​​​​​ធ្វើ​ការរៀបចំតម្រង់​ទិស​ជាលើកចុង​ក្រោយទៅឲ្យវា ដើម្បីឲ្យ InSight ត្រៀមសំដៅ​ឆ្ពោះទៅរកចំណុច​គោលដៅ ដែលត្រូវទម្លុះចូល​ទៅ​ក្នុងបរិយាកាស​ភពអង្គារ។

បើតាមក្រុម​ការងារ​បេសកកម្ម InSight ក្នុងរយៈពេល​ ០២ម៉ោង មុនមុជចូលក្នុង​បរិយាកាស​របស់ Mars ​ក៏អាច​មានការ​បញ្ជូនកូដ​មួយចំនួនទៀតទៅឲ្យវាជាលើកចុងក្រោយ ដើម្បី​ជួយនាំ​ផ្លូវ​យាន​​អវ​កាស​នេះ ​ឲ្យ​ធ្វើ​ការ​ចុះ​ចត​ដោយ​ជោគ​ជ័យ​​ផង​ដែរ។ បន្ទាប់​ពីនោះអ្វីៗ​ផ្សេង​​ទៀត នឹងត្រូវប្រព្រឹត្ត​ទៅក្រោមការបញ្ជា​ដោយស្វ័យប្រវតិ្តនៅលើយាន InSight ផ្ទាល់។

InSight នឹងប្រើប្រាស់​ខែលពិសេសមួយ ដើម្បីទប់ទល់​កម្តៅប្រមាណ ១,៥០០អង្សាសេ នៅពេលវាទម្លាក់ខ្លួន​​ជាមួយ​ល្បឿន​​ជិត ២០,០០០គីឡូម៉ែត្រ​ក្នុងមួយម៉ោង​ឆ្លងកាត់បរិយាកាស​ភពអង្គារ។ ក្រោយមកទៀត វា​នឹងប្រើឆ័ត្រ​យោង​​ដើម្បី​បន្ថយល្បឿន រួច​ផ្តាច់ខ្លួនចេញ​ពីខែលការពារកម្តៅ។ ពេលនោះ InSight ចាប់ផ្តើមបញ្ចេញ​ជើងទម្រទាំងបី​របស់​វា ហើយផ្តាច់ឆ័ត្រ​យោងចោល និង​បញ្ឆេះរ៉ុក្កែត​ទប់ល្បឿន ដើម្បីធ្វើការចុះចត​ដោយសន្សឹមៗ​នៅតំបន់ Elysium Planitia នៃ Mars។

គួរជម្រាបថា សម្រាប់ពេល​វេលាដែល InSight ត្រូវការដើម្បីចុះ​ដល់លើផ្ទៃ Mars គឺប្រហែលត្រឹមតែ ១០នាទីប៉ុណ្ណោះ។ ​នៅពេលវាចុះទៅដល់​ដោយសុវត្ថិភាពហើយនោះ InSight នឹងលាត​ផ្ទាំងសូឡា ហើយបញ្ចេញដៃរ៉ូបូត​របស់វា។ មិន​ដូច​ទៅនឹងយាន​ប្រភេទ Rover របស់ NASA ឡើយ InSight គឺជាប្រភេទ Lander ជាយានដែល​រចនាឡើង ដើម្បីសិក្សា​ភព​មួយ​ទាំងមូល តែវានឹងស្ថិតនៅតែមួយ​កន្លែងប៉ុណ្ណោះ៕