(ម៉ូស្គូ)៖ កងកម្លាំងរុស្ស៊ីបាន​បើកការបាញ់​ប្រហារ និងរឹបអូសទូក​អ៊ុយក្រែនចំនួន ០៣គ្រឿង នៅឯតំបន់ដែនសមុទ្រនៃឧបទ្វីប​គ្រីមៀ ហើយដែលនេះ​គឺជាការប្រឈមមុខ​ដាក់គ្នា ដ៏តានតឹង​បំផុតរវាងប្រទេស​ទាំងពីរ នៅក្នុងឆ្នាំ២០១៨ នេះ។ នេះបើតាមការ​ចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

ជាមួយគ្នានោះដែរ បើតាមអាជ្ញាធរ​អ៊ុយក្រែន ទូកប្រដាប់ដោយ​កាំភ្លើង ០២គ្រឿង និងទូកល្បាតធម្មតា​មួយគ្រឿង​ត្រូវបានភាគីរុស្ស៊ី​រឹបអូស រីឯក្រុមនាវិកអ៊ុយក្រែនមួយចំនួន​បាន​រងរបួស។ បន្ថែមពី​លើនេះ ប្រទេសទាំងពីរ​បានបន្ទោស និងចោទប្រកាន់​ដាក់គ្នាទៅវិញ​ទៅមក ខណៈនៅថ្ងៃចន្ទនេះ​សមាជិកសភាអ៊ុយក្រែន​នឹងបោះឆ្នោតសម្រេច​ថា តើត្រូវប្រកាសដាក់ឱ្យ​ប្រើច្បាប់​អាជ្ញាសឹក ឬក៏យ៉ាងណា។ ដោយឡែក​ភាគីរុស្ស៊ីក៏​បានស្នើកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ​ នៃអង្គការសហប្រជាជាតិ​ជាបន្ទាន់​ផងដែរ។

គួរជម្រាបថា ភាពតានតឹងរវាង​អ៊ុយក្រែន និងរុស្ស៊ី​បានផ្ទុះឡើងកាលពី​ថ្ងៃអាទិត្យ បន្ទាប់ពីទីក្រុងម៉ូស្គូ​ចោទថា ទូកអ៊ុយក្រែន​​ទាំងបីគ្រឿង​ខាងលើ​បានចូលក្នុងតំបន់​ដែនទឹករបស់ខ្លួន​ដោយខុសច្បាប់។ ក៏ប៉ុន្តែ​ទន្ទឹមគ្នា អាជ្ញាធររុស្ស៊ី​ត្រូវបានគេ​រាយការណ៍ថា បានដាក់នាវាដឹកប្រេងដ៏ធំមួយគ្រឿងនៅក្រោម​ស្ពានមួយ នៃច្រក​សមុទ្រ​ឃើច (Kerch) ដែលច្រកចូលទៅកាន់​ដែនសមុទ្រ​អាហ្សូវ (Azov) ជាប់ព្រំដែន​ទឹករវាងប្រទេស​ទាំងពីរ៕