(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោក ដូណាល់ ត្រាំ នាថ្ងៃសុក្រ​សប្តាហ៍នេះ បានស្នើឲ្យតុលាការ​កំពូលអាមេរិក​​មើល​រំលង​បទដ្ឋាន​គតិយុត្តិនានា ហើយពិចារណា​ភ្លាមៗ​តែម្តងលើការដាក់​បម្រាមកុំឲ្យ​ជនកែភេទ​ និងមនុស្សកែភេទចូល​បម្រើ​​​ក្នុង​វិស័យ​យោធា​។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​សារព័ត៌មានរុស្ស៉ី Sputnik នៅរសៀល​ថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

ជាទូទៅតុលាការ​កំពូលអាមេរិក ត្រូវរង់ចាំការប្រកាស​សាលក្រមលើបញ្ហា​អ្វីមួយ ពីសំណាក់តុលាការ​ថ្នាក់ក្រោមសិន​ ប៉ុន្តែចំពោះករណី​ខាងលើ រដ្ឋបាលលោក ដូណាល់ ត្រាំ ត្រូវគេរាយការណ៍ថា បាន​ស្នើ​ឲ្យ​មន្រ្តី​យុត្តិ​ធម៌​ទាំង​ ០៩​រូប ​នៃ​ស្ថាប័ន​កំពូល​នេះ​​ពុំចាំ​បាច់​ឆ្លងកាត់​ដំណើរការ​នេះឡើយ។​​

គួរជម្រាបថា តាំងពីតែឆ្នាំ២០១៧មកម្ល៉េះ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក​​នឹង​លែងអនុញ្ញាត ឬទទួលជនភេទទីបី ឬអ្នកកែភេទ​ឲ្យចូលបម្រើក្នុង​វិស័យយោធាទៀត​ឡើយ​ក្រោមហេតុផល​ថា មានការចំណាយ​ក្នុងច្រើនលើស​លប់លើ​វិស័យវេជ្ជសាស្រ្ត ព្រមទាំងការរាំង​ស្ទះផ្សេងៗ៕