(អាមេរិក)៖ យានរុករក​ថ្មីចុង​ក្រោយបំផុត​របស់​ទីភ្នាក់ងារអវកាស​អាមេរិក NASA ដែលមាន​ឈ្មោះថា InSight នឹងមុជ​ឆ្លងកាត់​បរិយាកាស​ភពអង្គារ (Mars) ហើយចុះ​ទៅជាន់​ផ្ទៃភពក្រហមនេះ​នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយ ដោយវា​​គឺ​ជា​ពេលវេលាដ៏សំខាន់​អស្ចារ្យមួយ​សម្រាប់ NASA ដែលមិនបាន​បញ្ជូនអ្វី​ទៅកាន់ Mars ទាល់តែសោះ​ក្នុង​អំឡុង​ពេល ០៦ឆ្នាំ​កន្លងទៅនេះ។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន Independent នារសៀលថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

យានថ្មីនេះ​នឹងជួយលើកស្ទួយការធ្លាក់ចុះ​ នៃវត្តមានរបស់ NASA នៅលើផ្ទៃ​ភពអង្គារ ចាប់តាំងតែ​ពីយាន Opportunity លែងមានការ​ឆ្លើយតប​ចំពោះការបញ្ជូនសញ្ញា​ ពីក្រុមការងាររបស់វា​នាពេលថ្មីៗនេះ នៅចំពោះ​មុខការព្រួយបារម្ភកាន់​​តែខ្លាំងថា វាបានខូចបាត់ទៅហើយដោយសារ​តែ​ព្យុះធូលី ដែលបាន​វាយប្រហារ​ភពក្រហមនេះ កាលពីអំឡុង​ពាក់កណ្តាល​ឆ្នាំ២០១៨។

គោលដៅនៃ​បេសកកម្ម​របស់ InSight គឺដូចទៅនឹងឈ្មោះ​គេដាក់ឲ្យយាននេះ​អ៊ីចឹង គឺនឹង​ផ្តល់​ការ​យល់​ដឹង​ស៊ី​ជម្រៅ​​មិន​ធ្លាប់​មាន​ អំពីផ្ទៃក្នុងនៃស្រទាប់លើកគេរបស់ Mars ព្រមទាំងអ្វីៗដែល​នៅពីក្រោម​នោះ។ តាមរយៈការប្រើ​ឧបករណ៍​ជា​ច្រើន​​ប្រភេទ យាន InSight នឹងសិក្សាស្រាវជ្រាវ​លើ​ស្រទាប់ខាងក្នុង​នៃផ្ទៃភពអង្គារ ហើយបញ្ជូនទិន្នន័យ​ទាំងនោះមកកាន់​​ផែនដីវិញ។

យាន InSight នឹងចុះចតលើ​ផ្ទៃភពអង្គារនៅ​ល្ងាចថ្ងៃចន្ទ (ពេលវេលា​នៅអាមេរិក) ហើយការចុះចតនេះ​ក៏នឹងត្រូវធ្វើ​ឡើង​ នៅចំពោះមុខការព្រួយបារម្ភមួយចំនួន​ផងដែរ ខណៈ​កន្លងទៅធ្លាប់​មានបេសកកម្មជា​ច្រើន បានទទួលបរាជ័យ​​​នៅភពនេះ។ តួយ៉ាងយាន Schiaparelli តម្លៃ​ ២៦០លានដុល្លារ ដែលជាផ្នែកនៃ​បេសកកម្មរួម​ទំហំ ១.៧ពាន់លាន​ដុល្លារ​រវាង​អឺរ៉ុប និងរុស្ស៉ី​ឈ្មោះ​ ExoMars នោះ បានធ្លាក់ទៅបុក​ផ្ទៃ​ភពអង្គារ ក្នុងពេលព្យាយាម​ចុះចត​កាលពីឆ្នាំ២០១៦ ​ព្រម​ទាំងបេសកកម្ម​របស់សូវៀតកាលពី​ទសវត្សរ៍ទី ​៧០ ដែលបានទទួលបរាជ័យ​ជាច្រើនលើក​ច្រើនសា។

គួរជម្រាបថា គេនឹងទទួលបានដំណឹង​ភ្លាមៗថា InSight អាចទទួល​បានជោគជ័យ​ដែរឬក៏អត់ ដោយសារផ្កាយរណប​​​តូចៗចំនួនពីរ​ជាប្រភេទ CubeSat មានឈ្មោះថា WALL-E និង EVE ដែលបានធ្វើដំណើរ​ទៅកាន់ភពអង្គារ​ជាមួយ​យាន InSight ដែរ ដោយពួកវានឹង​ហោះកាត់ Mars រួចបញ្ជូនដំណឹងអំពី​​ស្ថានភាពរបស់ InSight មកកាន់ផែនដី​ដែល​ស្ថិតនៅចម្ងាយ​ប្រមាណ ​១៦១លានគីឡូម៉ែត្រ​ពីគ្នា៕