(ឡុងដ៍)៖ ចក្រភពអង់គ្លេស​នៅថ្ងៃអង្គារនេះ បានជម្រុញ​ឱ្យរុស្ស៊ីបញ្ឈប់ជា​បន្ទាន់ ចំពោះការរារាំងមិនឱ្យនាវា​អ៊ុយក្រែន និងអន្តរជាតិ ចូលទៅកាន់តំបន់​ដែនសមុទ្រ អាហ្សូវ (Azov)។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។

នៅក្នុងសេចក្ដី​ថ្លែងការណ៍​របស់ខ្លួន ការិយាល័យការបរទេស​នៃចក្រភពអង់គ្លេស បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «មកទល់នឹងពេលនេះ រុស្ស៊ីនៅតែ​បន្តរំខាន និងរារាំងដល់​នាវានានា​ មិនឱ្យចូលទៅកាន់កំពង់ផែ​អ៊ុយក្រែន​ស្ថិតនៅក្នុង​សមុទ្រ Azov ដែលនេះ​គឺជាទង្វើបង្កអស្ថេរភាព​ ដល់សេដ្ឋកិច្ច​នៅក្នុងតំបន់។ ម្យ៉ាងវិញទៀត រុស្ស៊ីក៏បានប្រើប្រាស់​ការរឹតត្បិតសេរីភាព​នាវាចរ​បែបនេះ ដើម្បី​បង្កើនវត្តមានយោធា​របស់ខ្លួននៅក្នុងតំបន់​ផងដែរ... ដូច្នេះយើងជម្រុញ​ឱ្យរុស្ស៊ីបញ្ឈប់​សកម្មភាពនេះ​ជាបន្ទាន់»

គួរជម្រាបថា រុស្ស៊ី និងអ៊ុយក្រែន កំពុងមានភាពតានតឹងនឹង​គ្នានៅឯតំបន់ដែន​សមុទ្រ Azov ដែលជាព្រំដែន​ដែនទឹកមួយរវាង​ប្រទេស​ទាំងពីរ។ ភាពតានតឹងនេះ​បានផ្ទុះ​ឡើងខ្លាំង កាលពីខែតុលា​កន្លងទៅ ក្រោយសភា​អ៊ុយក្រែន​អនុម័តលើសេចក្ដី​ព្រាង​ច្បាប់មួយ ដែល​អនុញ្ញាតឱ្យទីក្រុងកៀវ​ពង្រីកការគ្រប់គ្រងដែនទឹក​ នៅឯតំបន់ឈូងសមុទ្រ​ភាគខាងត្បូង៕