(វ៉ាស៉ីនតោន)៖ វត្តមានប្រព័ន្ធ​មីស៊ីលការពារដែន​អាកាសរុស្ស៊ី S-300 នឹងមិន​បង្កផលប៉ះពាល់​ណាមួយដល់ប្រតិបត្តិការ​យោធា​របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរីឡើយ។ នេះបើតាមអ្នក​នាំពាក្យក្រសួង​ការពារជាតិ​អាមេរិក លោក អេរិច ផាហន (Eric Pahon) ដកស្រង់​ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។

រុស្ស៊ីបានសម្រេចចិត្ត​តំឡើងប្រព័ន្ធ​មីស៊ីល S-300 នៅលើទឹកដីស៉ីរី កាលពីខែទី០២ ខែតុលា បន្ទាប់ពីយន្ដហោះ​យោធា​របស់​ខ្លួនត្រូវបានបាញ់​ទម្លាក់។ តែយ៉ាង​ណាក៏ដោយ ថ្លែងប្រាប់ Sputnik នៅថ្ងៃចន្ទ​សប្ដាហ៍នេះ លោក Pahon បានគូស​បញ្ជាក់​យ៉ាងដូច្នេះថា «វត្តមានប្រព័ន្ធ​មីស៊ីលការពារដែនអាកាស​រុស្ស៊ី S-300 នឹងមិន​បង្កផលប៉ះពាល់​ណាមួយដល់ប្រតិបត្តិការ​យោធា របស់សហរដ្ឋអាមេរិក​នៅក្នុង​ប្រទេសស៊ីរី ហើយការ​តំឡើងបន្ថែម​នៅស៊ីរី គឺមានតែបង្កគ្រោះថ្នាក់​ដល់ជនស៊ីវិល និងយន្ដហោះ​ស៊ីវិលនៅ​ក្នុងតំបន់តែ​ប៉ុណ្ណោះ»

បន្ថែមពីលើនេះ ឆ្លើយតបទៅនឹងការទិញប្រព័ន្ធ S-400 មានតម្លៃជាង ២.៥ពាន់លានដុល្លារ​ពីរុស្ស៊ីរបស់តួកគី លោក Pahon ក៏បាន​អះអាងដែរថា មន្ទីរបញ្ចកោណនឹងធ្វើ​ការងាររួមគ្នាជាមួយ​សភាអាមេរិក ដើម្បីស្វែងរក​ជម្រើសថ្មីមួយឱ្យទីក្រុ​ងអង់ការ៉ា ប្ដូរចិត្តកុំទិញប្រព័ន្ធ​មីស៊ីលនេះ បើទោះជាទីមន្ត្រី​ជាន់ខ្ពស់ធ្លាប់បញ្ជាក់​ជាច្រើនដងថា មិនបោះបង់ចោល​គំរោងទិញ S-400 ពីរុស្ស៊ី​ក៏ដោយ។

គួរជម្រាបថា ក្រុមមន្ត្រីអាមេរិក​ក៏ធ្លាប់បានព្រមាន​ផងដែរថា ទីក្រុង​វ៉ាស៊ីនតោន អាចនឹងលុបចោល​ការប្រគល់យន្ដហោះ​ចម្បាំង បំបាំងកាយ F-35 ឱ្យតួកគី នៅក្នុងករណី​ដែលទីក្រុងអង់ការ៉ា​ទិញ S-400 ពីទីក្រុង​ម៉ូស្គូ៕