(វ៉ាស៊ីនតោន)៖ ការស្ទង់មតិមួយ​ដែលត្រូវបានធ្វើឡើងដោយសាកលវិទ្យាល័យ ម៉ុនម៉ៅស៍ (Monmouth) ​បានឱ្យដឹងថា ជនជាតិ​អាមេរិកកាំង​០៧នាក់ ក្នុងចំណោម​១០នាក់ បានយល់ឃើញថា ជនអន្តោប្រវេសន៍ទាំងអស់ គួរតែទទួលបាន​ឱកាសដើម្បីចូល​មកក្នុង សហរដ្ឋអាមេរិក ហើយពួកគេមិនមែន​ជាការគំរាមកំហែង​អ្វីនោះ​ឡើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន​ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។

នៅក្នុងរបាយការណ៍​របស់ខ្លួន ចេញផ្សាយ​នៅថ្ងៃចន្ទ​សប្ដាហ៍នេះ ម៉ុនម៉ៅស៍ បានបញ្ជាក់​ទៀតថា ក្នុងចំណោមអ្នក​ត្រូវបាន​សម្ភាសន៍​ទៀតសោត មានប្រមាណ ២៩ភាគរយ ក៏យល់ឃើញផ្សេងដែរថា ជនអន្តោប្រវេសន៍មកពី​បណ្ដាប្រទេសអាមេរិក​កណ្ដាល គឺជាការគំរាម​កំហែងមួយដ៏ធំ​ សម្រាប់​​សហរដ្ឋអាមេរិក ខណៈ២៤ភាគរយ​និយាយថា ពួកគេមានការ​គំរាមកំហែងតិចតួច និង ៣៩ភាគរយថា មិនមានការគំរាមកំហែងអ្វីនោះ​ទេដល់​សហរដ្ឋអាមេរិក។

បន្ថែមពីលើនេះ ភាគច្រើននៃប្រជាជនអាមេរិកគាំទ្របក្ស​សាធារណរដ្ឋ ឬស្មើនឹង ៥៤ភាគរយយល់ថា ជនអន្តោប្រវេសន៍​មកពីបណ្ដា​ប្រទេសអាមេរិកកណ្ដាល​ គឺជាការគំរាមដ៏ធំ រីឯអ្នកគាំទ្របក្សប្រជាធិបតេយ្យ ១១ភាគរយ និងអ្នក​ឯករាជ្យ ២៨ភាគរយ តែប៉ុណ្ណោះយល់​ឃើញដូចគ្នា​នេះ។

គួរបញ្ជាក់ថា បច្ចុប្បន្ន​ជនអន្តោប្រវេសន៍មកពី បណ្ដាប្រទេសអាមេរិក​កណ្ដាលរាប់ម៉ឺននាក់ បានធ្វើដំណើរ​សម្រុកចូលមកកាន់​តំបន់ព្រំដែនម៉ិចស៉ីកូ ដើម្បីព្យាយាមចូល​មកក្នុងសហរដ្ឋអាមេរិក។ ប៉ុន្តែ​លោក ដូណាល់ ត្រាំ បានចេញបញ្ជា​ឱ្យយោធាជិត
៥,៨០០នាក់ ធ្វើអន្តរាគមន៍​ទប់ស្កាត់លំហូជនភៀសខ្លួន​ទាំងនេះ៕