(ម៉ូស្គូ)៖ សហរដ្ឋអាមេរិក​តែងតែមានទម្លាប់​មួយគឺ រិះគន់ ថ្កោលទោស ឬដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំងនឹងបណ្ដា​ប្រទេស​ទាំងឡាយណា​ ដែលខ្លួនចាត់ទុកថា​ជាប្រទេសគ្មាន​លិទ្ធិប្រជាធិបតេយ្យ និងសេរីភាព។ ប៉ុន្តែទីក្រុង​វ៉ាស៉ីនតោន ក៏ត្រូវបានគេ

មើលឃើញ​ផងដែរថា នៅតែបន្តផ្ដល់ជំនួយ​ផ្នែកយោធាដល់​ប្រទេស ដែលអ្នកឃ្លាំមើល​សិទ្ធិមនុស្សអាមេរិក​យល់ថា ជារបបផ្ដាច់​ការទៅវិញ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃអង្គារ​ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។

Freedom House ជាអង្គការ​ក្រៅរដ្ឋាភិបាលមួយ​មានមូលដ្ឋាន​នៅក្នុងសហរដ្ឋអាមេរិក​ ដែលត្រូវបានបង្កើតឡើងកាលពី​ឆ្នាំ១៩៤១ និងទទួល ជំនួយស្ទើរតែទាំងស្រុង​ពីរដ្ឋាភិបាល​អាមេរិក បានចេញផ្សាយ​នូវរបាយកាណ៍ថ្មី​មួយ នៅក្នុងសប្ដាហ៍នេះ​ស្ដីពីប្រទេស​ដែលត្រូវបានចាត់ថ្នាក់ជា​ប្រទេសមាន​សេរីភាព សេរីភាពពាក់​កណ្ដាល ឬក៏មិនមាន​សេរីភាព។ នៅក្នុងរបាយការណ៍របស់ខ្លួន Freedom House បានបញ្ជាក់​ទៀតថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តភាគ​ច្រើនគឺជាប្រទេស​សេរី ខណៈរុស្ស៊ី និងចិន​ជាប្រទេស​មិនមាន​សេរីភាព ហើយប្រទេស​ចំនួន ៣៥ ក្នុងចំណោម​ប្រទេស ៤៩ ឬស្មើនឹង ៧១ ភាគរយ គឺជាអតិថិជនទិញអាវុធពី​សហរដ្ឋអាមេរិក និងកំពុង​ទទួលជំនួយ​ផ្នែកយោធាពីសំណាក់​ទីក្រុង​វ៉ាស៊ីនតោន។

លើសពីនេះទៅទៀត ប្រទេសចំនួន ២០ ក្នុងចំណោមប្រទេស​ទាំងនេះ​ទៀតសោត មានប្រទេស​មួយចំនួនត្រូវបានចាត់​ទុកថា ជា​ប្រទេសគ្មានសេរីភាព​បំផុត តែទទួលបានជំនួយ​យោធាពីអាមេរិក​ដូចជា អារ៉ាប៊ីសាអូឌីត សូម៉ាលី, Turkmenistan, អ៊ូបេគីស្ថាន, សាធារណរដ្ឋ​អាហ្វ្រិកកណ្ដាល និងលីប៊ី​ជាដើម។

គួរបញ្ជាក់ថា បើតាម Freedom House ប្រទេសដែលមាន​ការរឹតដ្បិតសេរីភាពខ្លាំងបំផុត និងមានទំនាក់ទំនង​មិនល្អជាមួយ​សហរដ្ឋអាមេរិក គឺ​វេណេស៊ុយអេឡា រុស្ស៊ី ចិន អ៊ីរ៉ង់ និងកូរ៉េខាងជើង។

របាយការណ៍​ខាងលើនេះហាក់ដូច​ជាចង់បញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យ ឬសេរីភាព មិនមែនជាគោលដៅ​ពិតប្រាកដនៃការរឹតបន្តឹង​របស់ សហរដ្ឋអាមេរិក​នៅលើពិភពលោក​នោះឡើយ ហើយអ្វីដែល​ពិតប្រាកដនោះ គឺសហរដ្ឋអាមេរិក​គិតគូរទៅលើ ប្រទេសដែលជាមិត្តជិតស្និទ្ធ​នឹងសត្រូវ​របស់ខ្លួន និង​ប្រទេស​ដែលអាមេរិក​ចាត់ទុកជាទីទាំងយុទ្ធសាស្ត្រ​នយោបាយដ៏សំខាន់ ដែលខ្លួនត្រូវតែចងមិត្ត​ជាជាង​សត្រូវ ដោយមិនសូវខ្វល់ពីរឿងផ្ទៃក្នុងនៃប្រទេស​ទាំងអស់នោះ​ឡើយ៕