(វ៉ាស៊ីនតោន)៖ សេតវិមានរបស់រដ្ឋអាមេរិក បានចេញការព្រមានថ្មីមួយទៀត ចំពោះលោក Jim Acosta អ្នកសារព័ត៌មាន CNN ប្រចាំសេតវិមាន ដោយបានលើកឡើងថា ប័ណ្ណសម្គាល់អ្នកសារព័ត៌មានរបស់លោក អាចនឹងដកហូតម្តងទៀតនៅចុងខែនេះ, ជាការតបតនោះ CNN បានស្នើសុំឲ្យតុលាការសហរដ្ឋអាមេរិក ធ្វើការកាត់ក្តីជាបន្ទាន់មួយទៀត, នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយឲ្យដឹងនាយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

សារព័ត៌មាន CNN បានលើកឡើងថា «សេតវិមានកំពុងតែបំពានរដ្ឋធម្មនុញ្ញ ហើយសកម្មភាពទាំងនេះគឺបានគម្រាមកំហែង ចំពោះអ្នកសារព័ត៌មាន​ និងស្ថាប័នសារព័ត៌មានទាំងអស់»។

កាលពីថ្ងៃសុក្រសប្តាហ៍មុន, CNN បានឈ្នះជាបណ្តោះអាសន្នម្តងរួចហើយ ដោយបានបង្ខំឲ្យសេតវិមាន ផ្តល់មកវិញនូវប័ណ្ណអ្នកសារព័ត៌មានរបស់លោក Acosta ដើម្បីចូលរួមយក ព័ត៌មាន នៅសេតវិមាន សម្រាប់រយៈពេល១៤ថ្ងៃ។ នៅថ្ងៃដដែលនោះ, សេតវិមាន បានផ្ញើលិខិតផ្លូវការមួយដែលបញ្ជាក់ពី «សេចក្តីសម្រេចបឋម» ដើម្បី​ផ្អាកប័ណ្ណអ្នកសារព័ត៌មានរបស់គាត់ម្តងទៀត នៅពេលដែលរយៈពេល១៤ថ្ងៃ ត្រូវបានផុតកំណត់។

ក្រុមមេធាវីបានត្រៀមរួចរាល់ហើយ ដោយរំពឹងថា នឹងធ្វើការកាត់ក្តីម្តងទៀត នៅក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាពីពេលវេលាសម្រាប់ដំណើរការ នាពេលអនាគត៕​