(តូក្យូ)៖ ប្រធានក្រុមហ៊ុនផលិតរថយន្ដជប៉ុន Nissan លោក Carlos Ghosn​ ត្រូវបានចាប់ខ្លួនហើយពីបទចោទប្រកាន់ថា គ្រប់គ្រងហិរញ្ញវត្ថុមិនត្រឹមត្រូវ ខណៈមានសេចក្ដីរាយការណ៍ជាច្រើនថាលោកនឹងត្រូវបានបណ្ដេញចេញពីតំណែង ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន លោក Ghosn​ ដែលជាមនុស្សម្នាក់មានឥទ្ធិពលនៅក្នុងក្រុមហ៊ុននឹងត្រូវ បានបណ្ដេញចេញពីតំណែង បន្ទាប់ពីកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាភិបាលក្រមហ៊ុន Nissan នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។ លោក Ghosn ត្រូវបានគេចោទប្រកាន់ថាបានបិទបាំងប្រាក់ចំណូល និងប្រើប្រាស់ទ្រព្យសម្បត្តិក្រុមហ៊ុន សម្រាប់បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។ ក៏ប៉ុន្តែ​ខាងក្រុមហ៊ុន Nissan មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនៅឡើយទេ ដោយគ្រាន់ តែគេដឹងថាការចាប់ខ្លួនប្រធានក្រុមហ៊ុនរូបនេះធ្វើឡើង ក្រោយមានការស៊ើបអង្កេតផ្ទៃក្នុងមួយអស់រយៈពេលជាច្រើនខែ។

សូមជម្រាបថា បើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន លោក Carlos Ghosn បានបិទបាំងចំនួនទឹកប្រាក់ដែលលោកមានសរុបជាង ៥ពាន់លានយ៉េន (៤៤លានដុល្លារ) ក្នុងរយៈពេល៥ឆ្នាំ រាប់ចាប់តាំងពីឆ្នាំ២០១១មក។ ម្យ៉ាងវិញទៀត ចាប់តាំងពីឆ្នាំ២០១០  ក្រុមហ៊ុន Nissan បានតម្រូវឱ្យប្រធាន និងនាយកប្រតិបត្តិដែលមានប្រាក់ខែ១០០លានយ៉េន ប្រកាសពីទ្រព្យសម្បត្តិរបស់ ខ្លួន៕​