(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ កងទ័ពឥណ្ឌា​កំពុងចាប់ផ្ដើមធ្វើសមយុទ្ធ​យោធាមួយ​ នៅថ្ងៃចន្ទ​សប្ដាហ៍នេះ ជាមួយកងទ័ពរុស្ស៊ី ខណៈរថពាសដែកយោធា​ត្រូវបានផ្គត់ផ្គង់ដោយ​ភាគីឥណ្ឌាជាស្រេច៕

២៖ គ្រោះទឹកជំនន់ និងបំណាក់ដី​បានសម្លាប់ជី​វិត​មនុស្សយ៉ាងតិច ១២នាក់ ដោយសារ​មានការ​ធ្លាក់​​ភ្លៀង​ខ្លាំង​​ជាប់​ៗ​គ្នា​ប៉ុន្មានថ្ងៃនេះ​ នៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម៕

៣៖ ​ទីភ្នាក់ងារ​អវកាសអាមេរិក NASA ចាប់ផ្តើមរៀបចំការដំឡើង​​​យានសម្រាប់​ដឹកអវកាសយានិក​ Orion ដើម្បីត្រៀម​​សម្រាប់ការសាកល្បង​ហោះហើរ​ដោយពេញលេញ​មួយនៃប្រព័ន្ធ​យានថ្មីនេះ ក្រោយទីភ្នាក់ងារ​អវកាសអឺរ៉ុប ESA ទើប​តែបញ្ជូនរបស់​​សំខាន់មួយមក​ដល់៕

៤៖ នៅចំពោះមុខ​ភាពតានតឹងលើវិស័យ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និងប្រទេសចិន ​បណ្តាមេដឹកនាំ APEC មិនអាច​មូលមតិគ្នាចេញ​សេចក្តីថ្លែងការណ៍រួម​មួយ តាមទំលាប់​ដូចរាល់ដងឡើយ​នាឆ្នាំនេះ​ នៅ​ពេល​កិច្ច​​ប្រជុំកំពូល​នេះ​ត្រូវបាន​​​បិទ​​បញ្ចប់នៅប៉ាពួញូហ្គីណេ ដោយ​សារ​តែ​ការ​ខ្វែង​គំនិតគ្នា​ជុំវិញ​អនាគតនៃវិស័យពាណិជ្ជកម្ម​ពហុភាគី ខណៈ​វា​​គឺជាលើក​ទី​មួយ​ហើយក្នុង​ប្រវត្តិសាស្រ្ត​នៃកិច្ច​ប្រជុំកំពូល APEC៕

៥៖ ខណៈដែល​ប្រទេសអ៊ីរ៉ង់​កំពុងប្រឈមមុខ​ទណ្ឌកម្ម ដែល​សហរដ្ឋអាមេរិក​ទើបតែទម្លាក់​មកសាជាថ្មីនោះ អារ៉ាប៊ីសាអូឌីត​ដែលជាអ្នកដុតដៃដុតជើង​ក្នុងបញ្ហានេះ បានចេញមុខអំពាវនាវ​បន្ថែមទៀត​ដល់សហគមន៍អន្តរជាតិ ស្វែងរកវិធីបញ្ចប់​ទាំងស្រុង​នូវកម្មវិធីមីស៊ីល​បំពាក់ក្បាលគ្រាប់នុយ​ក្លេអ៊ែរ របស់ប្រទេស​អ៊ីរ៉ង់៕

៦៖ អ្នកនាំពាក្យវិមាន​ក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានអះអាងថា គ្មានឡើយការប្រគល់ដោយ ស្វ័យប្រវត្តិនូវ​ដែនកោះ​ជម្លោះទៅ​ឱ្យជប៉ុន នៅក្នុងជំនួបរវាង​មេដឹកនាំនៃប្រទេស​ទាំងពីរ នៅដើមឆ្នាំ​ក្រោយនេះ៕