(ម៉ូស្គូ)៖ អ្នកនិពន្ធ​ម្នាក់មក​ពីប្រទេសរូម៉ានី ដែលបានរក​ឃើញគំនូរ «Harlequin Head» របស់​វិចិត្រករ ពីខាសសូ (Picasso) នៅក្នុងព្រៃ​បានឱ្យដឹងថា នាងបាន​ទទួលសំបុត្រ​មួយច្បាប់​ជាមួយការពន្យល់ថា គំនូរដ៏ល្អឯកដែលនាងបាន​បញ្ជូនឱ្យអាជ្ញាធរ​រូម៉ានី គឺជា គំនូរក្លែងក្លាយ ដែលត្រូវបាន​គូរឡើងដោយវិចិត្រករ​ប៊ែលហ្សិកពីរនាក់​ ក្រោមគំរោង​ឈ្មោះ «True Copy» តែប៉ុណ្ណោះ។ នេះបើតាម​ការចេញ​ផ្សាយដោយ​សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

គំនូរល្បីល្បាញ​ចំនួន ០៧ ដែលត្រូវបានគូរចេញពីស្នាដៃវិចិត្រករ​ល្បីល្បាញដូចជា Picasso, ម៉ូណែត (Monet), ហ្គរគីន (Gauguin), ម៉ាទីស្សេ (Matisse) និង​លូសៀន (Lucian Freud) ត្រូវបាន​លួចចេញពីសារមន្ទីរ គុនស្តល (Kunsthal Museum) ក្នុង​ទីក្រុង រ៉ូតធើដាម (Rotterdam) ប្រទេស​ហូឡង់ អំឡុងអំពើប្លន់ដ៏កក្រើក​មួយ កាលពី​ឆ្នាំ២០១២។

ដោយឡែក​កាលពីដំបូង ក្រុមរដ្ឋអាជ្ញា​រូម៉ានី​បានអះអាងថា អាជ្ញាធររូម៉ានីធ្លាប់ទទួល​បានគំនូរមួយ​ផ្ទាំងក្នុងចំណោម ០៧ផ្ទំាង ដែលត្រូវបានគេ​លួចនោះ និងចាំបាច់ត្រូវការ​ការត្រួតពិនិត្យ​បន្ថែម។ ចំណែកឯ​អ្នកជំនាញបានប៉ាន់​ប្រមាណថា គំនូរ «Harlequin Head» គឺមាន​តម្លៃ ៩១៥,០០០ដុល្លារ ​ឯណោះ។

គួរបញ្ជាក់ថា កាលពីជាងមួយ​សប្ដាហ៍មុន អ្នកនិពន្ធរូម៉ានី​ខាងលើគឺអ្នក​នាង មីរ៉ា ហ្វេទីគូ (Mira Feticu) ក៏ធ្លាប់បានទទួលលិខិត​មួយផងដែរពី​ជនអាណាមិក ដែលរៀបរាប់​ពីរបៀបចូលទៅក្នុងព្រៃ​ភាគខាងកើត​ប្រទេសរូម៉ានី ជាទីដែលគេលាក់​ផ្ទាំងគំនូរ Harlequin Head។ អ្នកនាងបាន​ប្រគល់រូបគំនូរនេះ ឱ្យអាជ្ញាធរ​ដែលសន្មត់ថា វាគឺជាផ្ទាំងគំនូរ​របស់​វិចិត្រករ Picasso៕