(ស្តុកហូម)៖ ជាផ្នែកនៃ​យុទ្ធនាការបោសសម្អាត​ក្រុមចលនាបះបោរនៅពីក្រោយ​ការធ្វើរដ្ឋប្រហារបរាជ័យកាលពីឆ្នាំ​២០១៦ រដ្ឋអាជ្ញាតួកគីបានបើកការស៊ើប​អង្កេតទៅលើក្មេងស្រីតួកគីម្នាក់ ដែលមានអាយុត្រឹម៤ឆ្នាំ​ប៉ុណ្ណោះ ដែលមាន​ទីលំនៅក្នុងខេត្ត Erzurum។ នេះបើតាមការដក​ស្រង់ការផ្សាយ​ចេញពី វែបសាយមជ្ឈមមណ្ឌល​សិទ្ធិមនុស្ស Stockholm Center for Freedom ហៅកាត់ថា SCF នាល្ងាច​ថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

យោងតាមឯកសារផ្លូវការមួយដែលមជ្ឈមណ្ឌល SCF ទទួលបាន រដ្ឋអាជ្ញាតួកគីលោក ហ្សូលហ្វូកើត អូណាល់ (Zülfükar Ünal) ដែលតំណាងឲ្យ​ការិយាល័យ​ប្រមុខរដ្ឋអាជ្ញា​នៃខេត្ត Erzurum បាន​ចាប់​ផ្តើម​ការ​ស៊ើប​អង្កេត​មួយ​ទៅ​លើ​ក្មេង​ស្រី​ម្នាក់​ឈ្មោះ Elif Zahide Tohumcu ដែលមានអាយុ​៤ឆ្នាំ។

ឯកសារនេះបានបង្ហាញថាលោក អូណាល់ បានស្នើទៅកាន់ការិយាល័យរដ្ឋអាជ្ញាខេត្ត Mersin ជា​កន្លែងដែល​ឪពុក​ម្តាយ​របស់ក្មេងស្រី Elif Zahide Tohumcu បានចុះបញ្ជីស្នាក់នៅ ដើម្បីយកសក្ខីកម្មរបស់នាង និង​ប្រមូល​ភស្តុ​តាង​ផ្សេងៗ​ដែលពាក់ព័ន្ធនឹងរូបនាង។

លោក អូណាល់ ​ក៏បានស្នើសុំឱ្យ​ការផ្តល់សក្ខីកម្មរបស់ក្មេងស្រីអាយុ៤ឆ្នាំនោះ​​​​​​​​​​​​​​​​​​​​​​​ និង​ភស្តុ​តាង​ដែល​ប្រមូល​បាន​ត្រូវ​បញ្ជូន​ទៅ​ការិយាល័យ​ប្រមុខរដ្ឋ​អាជ្ញា​របស់​ខេត្ត Erzurum ឱ្យបានឆាប់តាមដែលអាចធ្វើទៅបានផងដែរ។ ហើយ​ឯក​សារ​នោះ​បានបង្ហាញថានាង Elif Zahide Tohumcu កើតនៅថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ២០១៤ នៅស្រុក Pasinler ខេត្ត Erzurum ។

គួរជម្រាបថា បច្ចុប្បន្ននេះមានកុមារជាង៧០០នាក់ ត្រូវជាប់ក្នុងពន្ធនាគារប្រទេសតួកគី ដោយសារម្តាយ​របស់​ក្មេងៗ​​ទាំង​​នោះ​ភាគ​ច្រើនត្រូវបានចាប់ខ្លួន នៅក្រោមផ្នែកមួយនៃយុទ្ធនាការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើអ្នក​គាំទ្រ​ចលនា Gülen បន្ទាប់​ពី​ការ​ប៉ុន​ប៉ងធ្វើរដ្ឋប្រហារដ៏ចម្រូងចម្រាសមួយនៅក្នុងប្រទេសតួកគីកាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៦ ហើយភាគច្រើនពួកគេស្ថិតនៅក្នុងដំណាក់កាលឃុំឃាំងមុនការជំនុំជម្រះ និង​មិន​ទាន់​ត្រូវ​បាន​ផ្តន្ទា​ទោស​ពី​បទ​ឧក្រិដ្ឋ​ណា​មួយ​នៅឡើយទេ៕