(ឡុងដ៍)៖ អ្នកចរចារបស់​សហភាពអឺរ៉ុបស្ដីពីដំណើរការ Brexit លោក មីឈែល បានីអឺ (Michel Barnier) បានស្នើឱ្យមានការពន្យារពេលរយៈពេលពីរឆ្នាំ​បន្ថែមទៀត ដើម្បីឱ្យអង់គ្លេស​បន្ដស្ថិតនៅក្នុងទីផ្សារ​អឺរ៉ុបតែមួយ និងពន្ធគយរួម ខណៈរដ្ឋាភិបាល​ទីក្រុងឡុងដ៍កំពុង​ខ្វែងគំនិតគ្នា លើកិច្ច​ព្រមព្រៀងលែងលះ​ជាមួយ​សហភាពអឺរ៉ុប នៅឡើយ។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក Barnier ធ្វើការស្នើបែបនេះ​នៅក្នុងកិច្ចប្រជុំមួយកាល​ពីថ្ងៃអាទិត្យ ដោយលោកថែម​ទំាងបានបញ្ជាក់ដែរថា អ្នកតំណាងអឺរ៉ុបភាគច្រើនបាន​ព្រមព្រៀងយក​ខែឆ្នូ ឆ្នាំ២០២២ ឱ្យទីក្រុងឡុងដ៍​ចាកចេញពីសហភាព​អឺរ៉ុប។ ម្យ៉ាងវិញទៀត​បើសំណើរនេះ ត្រូវបានទទួល​យកមែននោះ អង់គ្លេសនឹងបន្តទទួលយក​ការធ្វើដំណើរ​ដោយសេរី​ របស់ប្រជាជន​ក្នុងតំបន់​អឺរ៉ុប ក៏ដូចជាចូលរួម​ចំណែកឯបង់​វិភាគទានប្រចាំឆ្នាំ ១០ពាន់លានផោន (១២.៨ពាន់លានដុល្លារ) ដល់កញ្ចប់ថវិកា​នៃសហភាព​អឺរ៉ុប។

ប៉ុន្តែទន្ទឹមគ្នានឹង​សេចក្ដីរាយការណ៍​នេះដែរ កងកម្លាំងយោធា​ពិសេសអង់គ្លេស ក៏ត្រូវបានគេរាយការណ៍​ផងដែរថា បានបង្កើត​គំរោងមួយក្នុង​ការដាក់ពង្រាយយោធា​នៅតាមទីក្រុង​ជាច្រើន ដើម្បី ទប់ស្កាត់ភាព​ចលាចលណាមួយ​ក្នុងករណីដែលអង់គ្លេស​ ប្រកាសចាកចេញពីសហភាពអឺរ៉ុប (Brexit) ជាផ្លូវការ ដោយមិនអាចឈាន​ដល់កិច្ចព្រមព្រៀង​ជាមួយទីក្រុង​ព្រុចសែល។

យោងតាម​កាសែតអង់គ្លេស The Times គំរោងអន្តរគមន៍ជា​បន្ទាន់របស់យោធា​អង់គ្លេស គឺធ្វើឡើងដើម្បី​រក្សាសណ្ដាប់ធ្នាប់ និងបញ្ចៀសភាព​ចលាចល នៅពេល​ដែល​អង់គ្លេស​ចាកចេញពី​សហភាពអឺរ៉ុប ដោយគ្មាន​កិច្ចព្រមព្រៀង។ មិនតែប៉ុណ្ណោះ​ផ្អែកលើគំរោងនេះ យោធាអង់គ្លេស​ប្រហែលជា ១០,០០០នាក់ នឹងធ្វើសកម្មភាព​ភ្លាមៗផងដែរ​ ក្នុងការផ្ដល់ជំនួយដល់កងកម្លាំងប៉ូលិស រួមទាំង ចាត់វិធានការ​នានាសំដៅដោះ​ស្រាយបញ្ហា និងរក្សា​សណ្ដាប់ធ្នាប់។

គួរជម្រាបថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី​អង់គ្លេស លោកស្រី Theresa May បានប្រកាសថា រដ្ឋាភិបាលរបស់​លោកស្រី​បានអនុម័ត​លើគំរោងនៃកិច្ចព្រមព្រៀង​ជាមួយសហភាព​អឺរ៉ុបស្ដីពី Brexit។ ក៏ប៉ុន្តែ ក្រុមមន្ត្រីដែល​ធ្វើការពាក់ព័ន្ធ​នឹង Brexit ជាច្រើននាក់ បានលាលែង​ចេញពីតំណែង​ជាបន្តបន្ទាប់​ ដោយសារតែមិនពេញចិត្ត​នឹងគំរោងរបស់​លោកស្រី May។ អង់គ្លេសនឹង​ត្រូវចាកចេញពី​សហភាពអឺរ៉ុប នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ៕