(អង់ការ៉ា)៖ ក្រុមឃាតក​ដែលសម្លាប់​លោក ចាម៉ាល់ ខានហូកជី (Jamal Khashoggi) ប្រហែលជា​បានយកបំណែក​សាកសពអ្នកកាសែត​រូបនេះ​ដាក់ក្នុងវ៉ាល្លី ដើម្បីយកចេញ​ពីប្រទេស​តួកគី។ នេះបើតាម​រដ្ឋមន្ត្រីការពារជាតិ​តួកគី លោក ហ៊ូលូស៊ី អាខារ (Hulusi Akar) ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

ថ្លែងនៅឯសន្និសីទ​អន្តរជាតិមួយក្នុង​ទីក្រុង ហាលីហ្វាក (Halifax) ប្រទេសកាណាដា កាលពី​ថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់) លោក Akar បានលើក​ឡើងយ៉ាងដូច្នេះថា «ក្រុមឃាតក​បាន​ចាកចេញពី​ប្រទេសតួកគី ៣ ទៅ ៤ម៉ោង បន្ទាប់ពីពួកគេសម្លាប់​លោក Khashoggi រួច... ហើយពួកគេទំនង​ជាបានដាក់បំណែក​សាកសពអ្នកកាសែតរូបនេះ​ ចូលក្នុងវ៉ាល្លី យកទៅជាមួយ​ដោយគ្មានបញ្ហា​ ដោយសារ​តែពួកគេមានមានអភ័យឯក​សិទ្ធិការទូត»

គួរបញ្ជាក់ថា បើតាមអាជ្ញាធរ​តួកគី ទីភ្នាក់ងារអារ៉ាប៊ីសាអូឌីត ១៥នាក់ ក្នុងនោះរួមមាន​ទាំងអ្នកជំនាញ​បំបាត់ភស្ដុតាង ០២នាក់​ គឺមានពាក់ព័ន្ធ​នឹងការសម្លាប់ និងកាត់សាកសព​អ្នកកាសែតរូបនេះ​ជាកង់ៗ ហើយប្រើទឹកអាស៉ីដដើម្បីរំលាយ​សាកសព។ លោក Khashoggi​ ត្រូវបាន​គេរាយការណ៍ថា ត្រូវបានគេសម្លាប់នៅក្នុងស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុង​អ៉ីស្ដង់ប៊ូល ប្រទេសតួកគី កាលពីថ្ងៃទី០២ ខែតុលា ប៉ុន្តែមកទល់​នឹងពេលនេះ​សាកសពរបស់លោក​ មិនដឹងជា​នៅទីណា​នោះឡើយ៕