(អាមេរិក)៖ ទីភ្នាក់ងារ​អវកាសអាមេរិក NASA ចាប់ផ្តើមរៀបចំការដំឡើង​​​យានសម្រាប់​ដឹកអវកាសយានិក​ Orion ដើម្បីត្រៀម​​សម្រាប់ការសាកល្បង​ហោះហើរ​ដោយពេញលេញ​មួយនៃប្រព័ន្ធ​យានថ្មីនេះ ក្រោយទីភ្នាក់ងារ​អវកាសអឺរ៉ុប ESA ទើប​តែបញ្ជូនរបស់​​សំខាន់មួយមក​ដល់។ នេះបើតាមការ​ដកស្រង់ការផ្សាយ​​ចេញ​ពីវែបសាយ Space.com នៅ​ព្រឹក​​ថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

គ្រឿងទី ១ នៃយានផ្តល់សេវា​​របស់អឺរ៉ុប​ (ESM) ដែល​មានតួនាទី​​ទទួលខុសត្រូវ​លើការផ្គត់ផ្គង់​​​អគ្គិសនី ទឹក អុកស៊ីសែន និង​គ្រឿងសំខាន់ៗ​ជាច្រើនទៀត​សម្រាប់យាន Orion នោះ ទីបំផុតត្រូវបាន​បញ្ជូនមកដល់​​មជ្ឈមណ្ឌល​អវកាស Kennedy របស់​អង្គការ NASA នៅរដ្ឋផ្លូរីដា​ហើយ ស្របពេល​ដែលក្រុមវិស្វករ​ចាប់ផ្តើមតភ្ជាប់យាន​ទាំងពីរ សម្រាប់ការ​ធ្វើតេស្ត​ហោះហើរ​​នៅជុំវិញឋាន​ព្រះច័ន្ទនាឆ្នាំ២០២០។

យ៉ាងណាមិញ ការតភ្ជាប់រវាងបញ្ចូលគ្នា​រវាងយានផ្តល់សេវា​របស់អឺរ៉ុប ដែលគេហៅថា Service Module និងយាន Orion ដែល​គេហៅថា Crew Module នឹងត្រូវឆ្លង​កាត់ការធ្វើតេស្តជាច្រើន​ ដែលអាចប្រព្រឹត្ត​ទៅជាបន្តបន្ទាប់​រហូត​ដល់​ខែ​កក្កដាឆ្នាំ២០១៩ ឯណោះ មុនការធ្វើតេស្ត​ហោះហើរ​របស់ពួក​វាអាចប្រព្រឹត្ត​ទៅបាននៅ​ឆ្នាំ២០២០។

គួរជម្រាបថា ទោះបីជា​ទីភ្នាក់ងារ ESA បានចំណាយ​ពេល ០៧ឆ្នាំ ក្នុងការរចនា និងផលិតកំណាត់ ​Service Module នេះឡើង​​ក៏ដោយ តាមពិត​ទៅវាពុំអាចប្រើប្រាស់​សម្រាប់ផ្តល់ថាមពល​ឲ្យ​​​​​ការ​ហោះហើរ​​ដែលមានផ្ទុក​អវកាសយានិក​បាន​ឡើយ ដោយសារតែតម្រូវការ​សម្រាប់ Module នេះបានប្រែប្រួល​មករហូត។

តួយ៉ាងនៅក្នុង Service Module នេះ ពុំមានផ្ទុក​បំពង់អុកស៊ីសែន​ឡើយ ប៉ុន្តែវាមិនថ្វីទេដោយ​ការហោះហើរសាកល្បង​នៅឆ្នាំ២០២០ ពុំមានវត្តមាន​អវកាយានិក​ដែល​ត្រូវការដក​ដង្ហើមឡើយ។ សម្រាប់កំណាត់​យាន Service Module ទីពីរ​​របស់ ESA ដែលនឹងត្រូវហោះ​ជាមួយ​ Orion ក្នុងការសាកល្បង​ដែលមានវត្តមានអវកាស​យានិក នឹងមានផ្ទុកបំពង់​អុកស៊ីសែន ព្រមទាំង​​​សម្ភារៈ​ដទៃទៀត ដែល​ពុំ​មាន​ក្នុង Service Module ទីមួយ៕