​(ម៉ូស្គូ)៖ អ្នកនាំពាក្យវិមាន​ក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានអះអាងថា គ្មានឡើយការប្រគល់​ដោយស្វ័យប្រវត្តិនូវ​ដែនកោះ​ជម្លោះទៅ​ឱ្យជប៉ុន នៅក្នុងជំនួបរវាង​មេដឹកនាំនៃប្រទេស​ទាំងពីរ នៅដើមឆ្នាំ​ក្រោយនេះ។ នេះបើ​តាម​​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក Dmitry Peskov ធ្វើការកត់សម្គាល់​បែបនេះ​ប្រាប់ប្រព័ន្ធផ្សព្វផ្សាយ​រុស្ស៊ី និងជាប្រតិកម្មតបត​ទៅនឹង​សេចក្ដីរាយការណ៍​ដែលថា ទីក្រុងម៉ូស្គូអាចនឹងប្រគល់ដែន​កោះជម្លោះ​ចំនួនពីរ នៃ​ទីប្រជុំកោះ ឃើរាល (Kurils) មកឱ្យទីក្រុង​តូក្យូវិញ។ លោក Peskov បានលើក​ឡើងយ៉ាងដូច្នេះថា «តើអ្នក​អាចនិយាយបានទេថា រុស្ស៊ីធ្លាប់មានន័យថា ចង់ប្រគល់​កោះជម្លោះមួយចំនួន​ទៅឱ្យជប៉ុន ដោយ​ស្វ័យប្រវត្តិនោះ? ជាការពិតណាស់ រឿងបែបនេះ​នឹងមិនអាចកើតឡើង​ជាដាច់ខាត»

ការលើកឡើងរបស់រុស្ស៊ីខាងលើនេះ គឺចង់សំដៅទៅលើការបកស្រាយ​កាលពីពេល​ថ្មីៗនេះរបស់ជប៉ុន ទៅលើសេចក្តីថ្លែងការណ៍រួមរវាងរុស្ស៊ី និងជប៉ុន​កាលពីឆ្នាំ១៩៥៣ ដែលជប៉ុនអះអាងថា នឹងមាន​ការប្រគល់ប្រជុំកោះ Kurils ឲ្យជប៉ុនវិញ​​ដោយស្វ័យ​ប្រវត្តិនោះ។ ជុំវិញបញ្ហានេះ​មន្ត្រីរុស្ស៊ីបាន​សង្កត់ធ្ងន់ថា «យោងតាម​សេចក្តីថ្លែងការណ៍​រួមខាងលើ ប្រទេសរុស្ស៊ី (អតីតសហភាពសូវៀត) ពីដើមឡើយបានយល់​ព្រមប្រគល់​កោះ​ចំនួនពីរ​ក្នុងចំណោមប្រជុំកោះ Kurils ប៉ុន្តែជប៉ុន​​បានប្រកែក​ ដោយខ្លួនចង់​បាន​រហូតដល់ ០៤កោះ ទើបជប៉ុន​មិន​ព្រមចុះហត្ថលេខា​​​បង្កើតសន្ធិសញ្ញាសន្តិភាព រួមគ្នាជាមួយរុស្ស៊ី​នៅគ្រានោះឡើយ»

គួររំលឹកថា កាលពីខែកញ្ញា​កន្លងទៅ​ប្រធានាធិបតីរុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន ធ្លាប់បានលើក​ឡើងថា ប្រទេសជប៉ុន និងរុស្ស៊ី​អាចនឹង​ចុះហត្ថលេខា​មួយលើសន្ធិសញ្ញាសន្តិភាព​ នៅក្នុងឆ្នាំ២០១៨​នេះ ដោយគ្មាន​ការកំណត់លក្ខខណ្ឌ​ទុកជាមុន ប៉ុន្តែទីក្រុង​តូក្យូ​បាន​ទាមទារ​​ឱ្យមានការដោះស្រាយ ​បញ្ហាជម្លោះទឹកដី​នៅលើទីប្រជុំកោះ Kuril ជាមុន​សិន៕