(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ​លោកនឹងទទួលបាន​របាយការណ៍គ្រប់ជ្រុង​ជ្រោយមួយទាក់ទិនករណីឃាតកម្មអ្នកកាសែត​ Jamal Khashoggi ក្នុងពេល​ពីរ​ថ្ងៃទៀត។ នេះ​បើ​តាម​ការ​ដក​ស្រង់​ការ​ផ្សាយ​ចេញ​ពីសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «យើងកំពុងសិក្សាករណីនេះល្អិតល្អន់បំផុត ដោយវាជារឿងអាក្រក់​មួយ​ដែលបានកើតឡើង គឺការសម្លាប់អ្នកសារព័ត៌មានម្នាក់។ យើងនឹងមានរបាយការណ៍ពេញលេញគ្រប់ជ្រុងជ្រោយមួយ​ក្នុងពេលពីរថ្ងៃទៀត គឺប្រហែលជានឹងទទួលបាននៅថ្ងៃចន្ទនិង​អង្គារខាងមុខ​នេះហើយ»។

បន្ថែមពីនេះ លោក ត្រាំ ក៏បានច្រានចោល​សេចក្តីរាយការណ៍​ព័ត៌មាន​​របស់កាសែត Washington Post ជាកន្លែង​ដែល​លោក Khashoggi បម្រើការថា​ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA ​បានសន្និដ្ឋានចុងក្រោយឃើញថា ​ព្រះ​អង្គ​ម្ចាស់ស្នងរាជ្យអារ៉ាប៊ីសាអូឌីត Mohammed bin Salman ជាអ្នកបញ្ជាឲ្យក្រុមឃាតកសម្លាប់លោក Khashoggi នៅក្នុង​ស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំនៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគី កាលពីថ្ងៃទី០២ ខែតុលា៕