(ម៉ាឌ្រីត)៖ ទីបំផុតក្រុមតារាវិទូ​បានរកឃើញ ភពផែនដីយក្ស ឬ Super Earth មួយទៀត​ហើយ ដែលកំពុងតែធ្វើគោចរ​នៅជុំវិញផ្កាយមួយ ស្ថិតនៅក្បែរព្រះអាទិត្យ​របស់យើង ក្នុងរយៈចម្ងាយ​ប្រហែលតែ ៦ឆ្នាំពន្លឺប៉ុណ្ណោះ។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ ដែលត្រូវបានដកស្រង់​នៅរសៀលថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

ភពយក្សខាងលើនេះ ត្រូវរកឃើញនៅក្នុងប្រព័ន្ធផ្កាយ Barnard ដែលជាផ្កាយ​មានទំហំ​តូចជាងព្រះអាទិត្យរបស់យើង និង​មានចម្ងាយ ៦ឆ្នាំពន្លឺពីផែនដី (មួយឆ្នាំ = ៩.៤៦១​ពាន់ពាន់​លានគីឡូម៉ែត្រ) ហើយបើតាម​គម្លាតពីភពយក្សនេះ​ពីផ្កាយរបស់វា​នោះ យើងអាច​គណនាបានថា វាប្រាកដជាគ្រប​ដណ្តប់ដោយទឹកកក ឬក៏ទទួល​បាន​ពន្លឺពី​ព្រះអាទិត្យ​វាតិចតួច ខណៈទម្ងន់​របស់វា គឺធ្ងន់ជាងផែនដី​យើង ៣.២ដងឯណោះ។

ជុំវិញការរកឃើញ​ខាងលើនេះ លោក Ignasi Ribas អ្នកសិក្សាតារាសាស្ត្រ​នៃវិទ្យាស្ថាន​ Catalonia ប្រទេសអេស្ប៉ាញ​បានប្រាប់ AFP ថា «វាពិតជាសំខាន់​ក្នុងការសិក្សាអំពី​ភពនេះ ព្រោះវាគឺជា​អ្នកជិតខាង​របស់យើង ហើយយើងក៏ចង់​ធ្វើទស្សនកិច្ច​​ទៅកាន់​អ្នកជិតខាងរបស់​យើងផងដែរ។ វាស្ថិតនៅតំបន់​មិនអំណោយផលនោះ​ឡើយ ដូច្នេះវា​គ្មានទឹករវាវ ឬសូម្បីជីវិតអ្វីមួយនោះឡើយ...។»

សម្រាប់ភពថ្មី​ទើបត្រូវបានរកឃើញនេះ ទំនងជាមាន​ឈ្មោះថា Barnard D ហើយវា​ធ្វើគោចរជុំវិញ​ផ្កាយវាមួយជុំ ដោយប្រើប្រាស់​ពេល ២៣៣ថ្ងៃ។ ដោយសារពន្លឺ​ថ្ងៃដែលវា​​ទទួល​បានតិច​ជាង ២ ទៅ ៣ដង បើធៀបនឹងផែនដី​យើងនោះ អាកាសធាតុ​នៅលើភពនេះ​អាចមាន​កម្រិត​រហូតដល់ -170 អង្សាសេ ហើយបើយើងឧទាហរណ៍ថា វាមានទឹក​​នៅលើផ្ទៃ​របស់វានោះ វាក៏អាចជាទឹកកកដែរ គឺមិនមែនទឹករាវ​ដូចជានៅលើផែនដីឡើយ។

គួរបញ្ជាក់ថា ពីដើមឡើយ​ប្រព័ន្ធផ្កាយ Barnard ត្រូវបានក្រុមតារា​វិទូអះអាងថា មានភព​តែចំនួន ០៣ ប៉ុណ្ណោះគោចរជុំវិញវា ហើយការ​រកឃើញភពថ្មីទៀតពេលនេះ គឺបាន​ធ្វើឲ្យប្រព័ន្ធ​​នេះមានភពកើនឡើង​ដល់ទៅ ០៤ ក្នុងនោះ​ភពពីរមានទំហំប៉ុន​ភពព្រហស្បតិ៍របស់​យើង ខណៈ​ផ្កាយ Barnard វិញមានទំហំធំ​ជាងភពព្រហស្បតិ៍​យើង​ប្រហែល ០៣ដង។ ដោយឡែកប្រព័ន្ធផ្កាយ​ដែលនៅជិតផែនដី​បំផុត គឺ Alpha Centauri ក្នុង​រយៈចម្ងាយ ៤.៤ឆ្នាំពន្លឺ៕