​(ម៉ូស្គូ)៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៉ីបានឱ្យដឹងថា នាវាដឹកជញ្ជូន​ជាច្រើន​គ្រឿង​មានផ្ទុក​ទៅ​ដោយឧស្ម័ន LNG មកពីរោងចក្រផលិត​ឧស្ម័ន LNG របស់រុស្ស៊ី​ បានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិក​ហើយ នៅក្នុងបរិបទ​ដែលទីក្រុងវ៉ាស៊ីនតោន​ទទូចឱ្យ​សហភាពអឺរ៉ុប​បញ្ឈប់ការ​ទិញឧស្ម័នពី​ទីក្រុងម៉ូស្គូ។​ នេះបើតាមការ​ចេញផ្សាយ​ដោយសារព័ត៌មាន Russian Today នៅរសៀល​ថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មាន​ដ៏ខ្លីមួយ នៅថ្ងៃសុក្រ​សប្ដាហ៍នេះ​អ្នកនាំ​ពាក្យក្រសួង​ការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «បើទោះជាមានការផ្សព្វផ្សាយ​ព័ត៌មានអវិជ្ជមាន​ជាសាធារណ ពីទីក្រុងវ៉ាស៊ីនតោន​ក៏ដោយ ក៏ឧស្ម័ន​ធម្មជាតិ​រុស្ស៊ី LNG ត្រូវបានផ្គត់ផ្គង់​ដោយជោគជ័យ​ ទៅកាន់​សហរដ្ឋអាមេរិក​ហើយ...»។ លោកស្រីបានបន្ថែមថា នាវាដឹកជញ្ជូន​ចំនួនបីគ្រឿង​ដែលមានផ្ទុក​ឧស្ម័ន LNG​ មកពីរោងចក្រ​ឧស្ម័នរុស្ស៊ី Yamal LNG បានធ្វើដំណើរ​ទៅដល់​សហរដ្ឋអាមេរិក។

គួរជម្រាបថា ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ ធ្លាប់បានបន្ទោស​សហភាពអឺរ៉ុប ជាពិសេស​គឺអាល្លឺម៉ង់​ជាច្រើន​លើក ជុំវិញការទិញឧស្ម័ន​ពីរុស្ស៊ី​ដោយអះអាងថា អឺរ៉ុបទាំងមូលនៅតែ​បន្តពឹងផ្អែកតែទៅលើ​ឧស្ម័នរុស្ស៊ី៕