(ផតម៉ូរែស្បាយ)៖ អំឡុងនៃការចូលរួម​ក្នុងកិច្ចប្រជុំកំពូល​ នៃវេទិកាសេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅក្នុង​រដ្ឋធានី​ផតម៉ូរែស្បាយ (Port Moresby) នៃប្រទេស​ប៉ាពួញូហ្គីណេ ប្រធានធិបតីចិន​លោក ស៊ី ជិនពីង បានថ្លែងបែប​ព្រមានចំពោះការកើនឡើង​នៃគំនិត​គាំពារនិយម និងឯកតោ​ភាគីនិយម ដែលជាប្រការ​គ្រោះថ្នាក់បំផុត​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាសកល។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃសៅរ៍​ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការព្រមានរបស់​ប្រមុខដឹកនាំចិន​ខាងលើនេះ ធ្វើឡើងនៅក្នុង​អំឡុង​នៃការថ្លែងសុន្ទរកថា​គន្លឹះ នៅឯកិច្ចប្រជុំ​កំពូលគណៈ CEO នៃវេទិកា APEC នៅក្នុងរដ្ឋធានី​នៃប្រទេស​ប៉ាពួញូហ្គីណេ។ លោក ស៊ី ជិនពីង បានសង្កត់​ធ្ងន់ថា មានតែការបើក​ទូលាយ និងកិច្ច​សហប្រតិបត្តិការ​យ៉ាងជិតស្និទ្ធរវាងគ្នា​នឹងគ្នាប៉ុណ្ណោះ ទើបអាចបង្កើតចេញនូវឱកាស និងចន្លោះបន្ថែម​ជាច្រើនទៀត សម្រាប់​ការអភិវឌ្ឍ។

គួរបញ្ជាក់ថា ទោះបីជា​លោក ស៊ី ជិនពីង មិនបានលើក​ឡើងចំៗ​ឈ្មោះក៏ដោយ ក៏គ្រប់គ្នា​បានដឹង​ហើយថា បច្ចុប្បន្នសហរដ្ឋអាមេរិក​​កំពុងតែបង្កព្យុះភ្លៀង​ផ្នែកពាណិជ្ជកម្មយ៉ាងខ្លាំង​ជាមួយ​ប្រទេសចិន តាមរយៈការបង្កើន​ពន្ធនាំចូលលើទំនិញ​ចិន​រាប់ពាន់លាន​ដុល្លារ​រួចមក​ហើយ នៅអំឡុងឆ្នាំ២០១៨ នេះតែម្តង ហើយនេះ​​ជាទង្វើបែបគាំពារនិយម និងឯកតោភាគី​និយម ដែលចិន​ចង់លើកឡើងចំពោះមុខអន្តរជាតិ។

យ៉ាងណាក៏ដោយ​​ប្រធានាធិបតី​ចិន​នៅក្នុង​កិច្ចប្រជុំ APEC បានអំពាវនាវ​បន្ថែមទៀតឲ្យគ្រប់ប្រទេសទាំងអស់ ប្រឹងប្រែង​ការពារ​នូវប្រព័ន្ធធ្វើពាណិជ្ជកម្ម​​ពហុភាគី និងអង្គការពាណិជ្ជកម្ម​ពិភពលោក ហៅកាត់ថា WTO ដើម្បីបន្តការអភិវឌ្ឍសេដ្ឋកិច្ចសកល​ប្រកបដោយ​និរន្តរភាព៕