(វ៉ាស៊ីនតោន)៖ ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Amazon លោក ចេហ្វ បេហ្សូស (Jeff Bezos) បានធ្វើការព្រមាន​ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ​ដល់ បុគ្គលិករបស់ខ្លួន​ពីការបរាជ័យ ដោយរំលឹកពីការក្ស័យធន​របស់ក្រុមហ៊ុន Sears ដែលជាគូប្រជែងធំ​មួយនៃ​ក្រុមហ៊ុន Amazon ។​ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក Bezos ដែលបច្ចុប្បន្ន​ជាអ្នកមានជាងគេនៅលើពិភពលោក​បានឱ្យដឹងថា សព្វថ្ងៃ ក្រុមហ៊ុន Amazon មានទ្រព្យ​១ទ្រីលានដុល្លារ (១ពាន់ពាន់លានដុល្លារ) ប៉ុន្តែក្រុមហ៊ុន​មួយនេះអាចនឹងពើបប្រទះ​ការបរាជ័យក៏ថា​បាន។ លោក Bezos បានបញ្ជាក់​នៅក្នុង​បទសម្ភាសន៍​ជាមួយ CNBC​ នៅក្នុងសប្ដាហ៍​នេះ​យ៉ាងដូច្នេះថា «ជាការពិត​ណាស់! ខ្ញុំអាចព្យាករណ៍ថា នៅថ្ងៃណាមួយ Amazon នឹងបរាជ័យ ហើយអាចក្ស័យធន​ក៏ថាបាន... បើសិនជាអ្នកក្រឡេក​មើលបណ្ដាក្រុមហ៊ុន​ធំៗ ពេលវេលា​របស់ពួកគេមាន​រយៈពេលលើស ៣០ឆ្នាំប៉ុណ្ណោះ មិនមែនលើស ១០០ឆ្នាំនោះទេ»។

គួរជម្រាបថា បើតាម​លោក Jeff Bezos ដើម្បីគេចផុតពីជោគ​វាសនាដូចក្រុមហ៊ុន Sears ដែលបានប្រកាសក្ស័យធន កាលពីខែតុលា​កន្លងទៅ ក្រុមហ៊ុន Amazon ត្រូវតែយក​ចិត្តអតិថិជនឱ្យបានកាន់តែច្រើន៕