(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក​លោក ម៉ៃក៍ ភែន (Mike Pence) នៅថ្ងៃសៅរ៍នេះ បាននិយាយថា សហរដ្ឋអាមេរិក​នឹងមិនបញ្ឈប់​សង្រ្គាមពាណិជ្ជកម្មជា​មួយចិនឡើយ រហូតទាល់តែ​ទីក្រុងប៉េកាំង ផ្លាស់ប្ដូរគោល​នយោបាយពាណិជ្ជកម្ម​របស់ខ្លួនក្នុង

ពេលបច្ចុប្បន្ន​ជាមុនសិន។ នេះបើតាម​ការចេញផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការកត់​សម្គាល់បែបនេះ​របស់ លោក Pence ធ្វើឡើងនៅ​ឯកិច្ចប្រជុំកំពូល​ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក (APEC) ក្នុងប្រទេសប៉ាពួញូហ្គីណេ។ នា​ឱកាសនោះ​អនុប្រធានាធិបតី​អាមេរិករូបនេះក៏​បានគូសបញ្ជាក់ថា ទីក្រុង​វ៉ាស៊ីនតោន នឹងមិនលុបចោល​ការតំឡើងពន្ធ​លើផលិតផលចិន​ជាដាច់ខាត បើសិនជា​ទីក្រុងប៉េកាំង មិនព្រមប្ដូរគោលនយោបាយ​ពាណិជ្ជកម្ម​ទេនោះ។

លោក Pence បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «យើងបាន​សម្រេចចិត្ត​ធ្វើសកម្មភាព ដើម្បីដោះស្រាយ​អតុល្យភាពរបស់យើង​ជាមួយចិន តាមរយៈការ​តំឡើងពន្ធ ២៥០ពាន់លានដុល្លារ លើផលិត​ផលនានារបស់ចិន... ហើយ យើងអាច​នឹងតំឡើងពន្ធនេះ​ទេ្វដងតទៅទៀត បើសិនជា​ចិនមិនព្រមប្ដូរគោលនយោបាយ​ពាណិជ្ជកម្មរបស់ខ្លួន​ក្នុងពេលបច្ចុប្បន្ន​ទេនោះ»

គួរជម្រាបថា សង្រ្គាមពាណិជ្ជកម្ម​រវាងសហរដ្ឋអាមេរិក និងចិន​អាចនឹងត្រូវលើក​យកទៅ​ពិភាក្សា នា​ឱកាសដែល​ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ និង​ប្រធានាធិបតី​ចិន​លោក ស៉ី ជិនពីង ត្រូវជួបប្រជុំគ្នាក្នុងកិច្ច​ប្រជុំ G20​ នៅក្នុងប្រទេស​អាហ្សង់ទីន នៅចុងខែវិច្ឆិកានេះ។ ប៉ុន្តែ​ទន្ទឹមគ្នា​អ្នកជំនាញខ្លះ​យល់ថា មានសង្ឃឹម​តិចតួចណាស់​ដែលមេដឹកនាំទាំងពីរ​អាចរកដំណោះស្រាយ​រួមគ្នាមួយ ដើម្បីបញ្ចប់សង្រ្គាម​ពាណិជ្ជកម្ម៕