(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើង​នៅថ្ងៃសុក្រនេះ​បានប្រកាសថា ខ្លួននឹងធ្វើការ​ដោះលែង​ជនជាតិ​អាមេរិកម្នាក់ ដែលត្រូវបានចាប់ខ្លួន​ក្រោយរូបគេបានចូលមក​កាន់ប្រទេស​កុម្មុយនិស្ត​មួយនេះដោយខុសច្បាប់ ខណៈដែលទំនាក់ទំនង​រវាងកូរ៉េខាងជើង និងអាមេរិក​​ហាក់​កំពុង​ស្ថិតនៅក្នុង​ភាពរកាំរកូស​ឡើងវិញបន្តិច។ នេះបើតាម​ការចេញផ្សាយដោយ​​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នាយប់​ថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

ជនជាតិអាមេរិកដែល​កូរ៉េខាងជើង​អះអាងថា នឹងត្រូវដោះលែងខាងលើនេះ​មានឈ្មោះថា Brucce Byron Lowrance ត្រូវបានកូរ៉េខាងជើង​ចាប់ខ្លួន កាលពី​ថ្ងៃទី១៦ ខែតុលា ថ្មីៗក​ន្លង​ទៅនេះ​ប៉ុណ្ណោះ ដោយអាជ្ញាធរកូរ៉េខាងជើង​បានបញ្ជាក់​ថា រូបគេបានចូល​មក​កាន់ទឹកដី​កូរ៉េខាងជើង ដោយគ្មានឯកសារ​បញ្ជាក់គ្រប់គ្រាន់​នោះឡើយ។

តាមរយៈសារព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNA ដែលបាន​ចុះផ្សាយកាលពីពេលថ្មីនេះ ជនជាតិអាមេរិក​​ឈ្មោះ Lowrance បានសារ​ភាពចំពោះមុខសមត្ថកិច្ចកូរ៉េខាងជើងថា រូបគេគឺភ្នាក់ងារ​សម្ងាត់របស់ទីភ្នាក់ងារ​ស៊ើបការណ៍ CIA នៃ​សហរដ្ឋអាមេរិក ដែលបាន​លួចចូល​មកកូរ៉េខាងជើង ក្នុងន័យប្រមូលយក​ព័ត៌មាន​សម្ងាត់។ របាយការណ៍​ពីកូរ៉េខាងជើងមិនបាន​បញ្ជាក់ថា Lowrance នឹងត្រូវដោះលែងនាពេលណា ឲ្យប្រាកដនោះឡើយ៕