(វ៉ាស៊ីនតោន)៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានព្រមានថា បណ្ដាប្រទេសជាសមាជិកអាស៊ានទាំងអស់ អាចនឹងធ្លាក់ចូលទៅក្នុងស្ថានភាពមួយ ដែលត្រូវបង្ខំចិត្តជ្រើសរើសយករវាងសហរដ្ឋអាមេរិក និងចិន។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក Lee Hsien Loong ធ្វើការកត់សម្គាល់បែបនេះនាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានក្នុងប្រទេសសិង្ហបុរី នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។ លោក Lee បានគូសបញ្ជាក់ដូច្នេះថា៖«បើសិនជាអ្នកជាមិត្តជាមួយប្រទេសពីរ ដែលឈរលើគោលជំហរផ្សេងគ្នា នោះជួនកាលវាធ្វើឱ្យអ្នកងាយស្រួល ហើយជួនកាលវាធ្វើឱ្យអ្នកពិបាកធ្វើជាមិត្តនឹងពួកគេ...ដូច្នេះខ្ញុំគិតថាយើងទាំងអស់គ្នាមិន គួរចាប់យកខាងណាមួយនោះទេ ប៉ុន្តែនៅក្នុងកាលៈទេសៈនៅពេលអនាគត ប្រទេសជាសមាជិកអាស៊ានអាចនឹងត្រូវបង្ខំចិត្តជ្រើសរើសយកមួយក្នុងចំណោម ចិន និងសហរដ្ឋអាមេរិក...តែយ៉ាងណា ខ្ញុំមិនចង់ឱ្យរឿងបែបនេះកើតឡើងឡើយ»

គួរបញ្ជាក់ថា ការលើកឡើងរបស់ លោក Lee Hsien Loong កើតមានឡើងនៅចំពេលដែលសហរដ្ឋអាមេរិក និងចិន ត្រូវបាន គេមើលឃើញថាកំពុងពង្រីកឥទ្ធិពលរៀងៗខ្លួននៅក្នុងតំបន់ ជាពិសេសនៅឯតំបន់ជម្លោះក្នុងសមុទ្រខាងត្បូង ជាទីដែលអ្នក ជំនាញជាច្រើនយល់ថា បាននិងកំពុងក្លាយជាកន្លែងដណ្ដើមឥទ្ធិពលរវាងប្រទេសមហាអំណាចទាំងពីរ៕