(រ៉ូម)៖ ការសិក្សាស្រាវជ្រាវ​ថ្មីមួយបាន​លើកឡើងថា កំពូលភ្នំភ្លើង​យក្ស ខេមភី ផ្លេគ្រៃ (Campi Flegrei) ដែលមិនបានបញ្ចេញសកម្មភាព​ អស់រយៈពេលជិត ៥០០ឆ្នាំ មកហើយនោះ កំពុងតែត្រៀមខ្លួន​បង្កភាពភ្ញាក់ផ្អើល​ឡើងវិញ។ នេះបើតាម​ការដក​ស្រង់ការផ្សាយ​ចេញពី​សារព័ត៌មានរុស្ស៉ី Sputnik នៅល្ងាចថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

បន្ទាប់ពីការប្រមូលយ​កគំរូតាងនៃថ្ម រ៉ែ និងគ្រីស្តាល់​ជាច្រើនពីតាំង​ធ្លាប់មាន​ហេតុការណ៍ផ្ទុះចំនួន ២៣កន្លែង នៅភ្នំភ្លើង Campi Flegrei ក្រុម​អ្នក​​ស្រាវ​ជ្រាវ​ខាង​លើ​បាន​បង្កើតចេញ​ជារូបភាពមួយ កំណត់​ពីដំណាក់កាលផ្សេងៗ ដែល​ភ្នំ​ភ្លើង​យក្ស​នេះ​បាន​ឆ្លង​កាត់​​នៅ​មុន​ និង​ក្រោយបន្ទុះ​នីមួយៗ​របស់វា។

ការវិភាគសិក្សា​ទៅលើធាតុ​ទាំងនោះ បានរកឃើញពី​បម្រែបម្រួល​សំខាន់ៗ នៅក្នុង​កម្រិតសីតុណ្ហភាព និង​បរិមាណ​ទឹក​​នៃ​ម៉ាក់ម៉ា (Magma) ​​​របស់​ភ្នំភ្លើង ដោយធាតុរ៉ែមាន​ការថយចុះ​ ស្របពេលដែលបរិមាណ​ទឹកមានការកើន​ឡើង។ ការ​ប្រែ​ប្រួល​បែបនេះ​បានកើតឡើងមុនពេល​មានបន្ទុះ Monte Nuovo របស់​ភ្នំភ្លើង Campi Fire កាលពីឆ្នាំ១៥៣៨ ដែល​បាន​អូសបន្លាយរយៈពេល ០៨ថ្ងៃ និងឈានដល់​ការកកើតឡើងនៃភ្នំតូច​មួយថែមទៀត។

ទោះជាបែបនេះក្តី ក្រុមអ្នកស្រាវជ្រាវខាងលើ​ក៏បានគូសបញ្ជាក់​ផងដែរថា លទ្ធផលរកឃើញ​ក្នុងការសិក្សារបស់​ពួកគេ​ ​​​មិនគួរជំរុញ​ឲ្យ​មនុស្ស​ប្រមាណ ១.៥លាននាក់ ដែលរស់នៅជុំវិញ​នោះរត់ភៀសខ្លួន​នៅឡើយ ពីព្រោះថាភ្នំ​ភ្លើងនេះ​អាច​បន្តស្ថិតនៅ​ដំណាក់អសកម្មដូច​បច្ចុប្បន្ននេះ សម្រាប់រយៈពេល​ជាយូរទៅមុខ​ទៀត។

គួរជម្រាបថា បន្ទុះដែលត្រូវគេស្គាល់​ច្បាស់បំផុតរបស់ភ្នំភ្លើង​យក្សនេះ គឺ Campanian Ignimbrite និង Neapolitan Yellow Tuff ដែលបានកើត​ឡើងកាលពី ៣៩,០០០ឆ្នាំមុន និងកាលពី ១៥,០០០ឆ្នាំមុន ហើយពួកវា​បានបន្សល់ទុក​​រណ្តៅធំៗ ខណៈបន្ទុះ Campanian Ignimbrite បានគ្របដណ្តប់​កម្អែរផេះលើ​ផ្ទៃដីទំហំ​រហូតដល់ ៣.៦លានគីឡូម៉ែត្រ​​ក្រឡា៕