(វ៉ាស៊ីនតោន)៖ ការសិក្សាផ្នែកវិទ្យាសាស្រ្ត​មួយ ចេញផ្សាយនាថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ បានបង្ហាញថា​​ កាឡាក់ស៊ី​ភ្លឺ​ចែងចាំង​បំផុតដែលគេ​រកឃើញ កំពុងលេបយកកាឡាក់ស៊ី​តូចៗ​យ៉ាងតិច​ចំនួន ០៣ ដែល​ស្ថិតនៅក្បែរៗវា។ នេះបើតាម​ការ​ដកស្រង់ការផ្សាយ​ចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

បើតាមការសិក្សា​ដែលចេញមកពី​​ក្រុម​ការងារមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ JPL នៃទីភ្នាក់ងារ​អវកាស NASA ​រូបធាតុផ្សេងៗ​​ដែលកាឡាក់ស៊ី​ខាងលើ កំពុងលួចយក​ពីអ្នកជិតខាង​របស់វា ទំនងជាបានចូលរួម​ចំណែកក្នុងការធ្វើ​ឲ្យ​កាឡាក់ស៊ីនេះ​មានពន្លឺភ្លឺជះចេញខ្លាំង​បែបនេះ។

កាឡាក់ស៊ីនេះ​ត្រូវបានប្រទះឃើញ​ជាលើកដំបូង ដោយ​កែវយឺតអវកាស WISE ​របស់ NASA កាលពី​ឆ្នាំ២០១៥ ហើយ​វាពុំមែន​ជាកាឡាក់ស៊ីដែលធំ ឬក៏មានម៉ាស់​ច្រើនបំផុត​ដែលគេបាន​ស្គាល់នោះឡើយ ប៉ុន្តែវាបញ្ចេញ​កម្រិត​នៃពន្លឺ​ខ្លាំង​​ជាង​​​ព្រះ​អាទិត្យ​យើងដល់ទៅ ៣៥០ទ្រីលាន​ដងឯណោះ។

ភាគច្រើននៃ​ពន្លឺរបស់វា​ បានមកមិនត្រឹមតែ​ពីផ្កាយ​ប៉ុណ្ណោះទេ សំណុំឧស្ម័ន និងធូលីអវកាស​ក្តៅៗ ដែលប្រមូលផ្តុំ​​នៅ​ចំណុច​​កណ្តាល​របស់កាឡាក់ស៊ីនេះ​ ក៏បានចូលរួម​ចំណែក​ផងដែរ។ ដោយឡែក​នាពេលនេះ កិច្ចការសង្កេតថ្មី​​ដោយ​​ប្រព័ន្ធ​តេ​ឡេស្កូប​​នៅប្រទេស​ឈីលី បានបង្ហាញ​ពីដាននៃធូលី និងឧស្ម័ន​អវកាស​ កំពុង​ត្រូវ​បានស្រូប​យក​ពី​កាឡាក់​ស៊ី​តូចៗ​ចំនួន​០៣។ យ៉ាងណាមិញ វាមិនច្បាស់នោះឡើយថា កាឡាក់ស៊ីទាំង០៣ នឹងមានឱកាសគេចផុត​​ពី​ជោគ​វាសនា​នា​ពេល​​​បច្ចុប្បន្នរបស់វា ឬក៏ត្រូវស្រូប​ឲ្យរលាយបាត់​ទាំងស្រុង។

គួរជម្រាបថា នៅចំកណ្តាល​បណ្តុំធូលី-ឧស្ម័នអវកាស​ របស់កាឡាក់ស៊ី​ភ្លឺបំផុតនេះ គឺមានវត្តមាន​​ប្រហោងខ្មៅ​យក្ស​មួយ ដែលមានម៉ាស់​ច្រើនជាងព្រះអាទិត្យ​ ៤ពាន់លានដង។ ​ដោយសារតែឥទ្ធិពល​នៃកម្លាំងទំនាញ រូបធាតុត្រូវធ្លាក់ចូល​ទៅ​ក្នុងប្រហោងខ្មៅ​ក្នុងល្បឿនលឿន ហើយទង្គិចគ្នាព្រម​ទាំងទទួលរងកម្តៅ​រាប់​លានអង្សាសេ ជាហេតុធ្វើឲ្យ​រូបធាតុ​ទាំង​នោះ​បញ្ចេញពន្លឺ​ចែងចាំងខ្លាំង។ កាឡាក់ស៊ីមាន​ពន្លឺខ្លាំងបែបនេះ និងមានប្រហោងខ្មៅជាស្នូល ត្រូវគេ​ហៅថា «Quasar»។

ដូចទៅនឹង​ម៉ាស៊ីននានា​លើផែនដី ការបញ្ចេញថាមពល​ដ៏សម្បើមរបស់វា តម្រូវឲ្យមានការបញ្ចូល​​ថាម​ពល​ខ្ពស់ស្មើគ្នា ហើយថាមពល​ទាំងនោះបានមកពីធូលី និងឧស្ម័នអវកាស ដើម្បីបង្កើត​ផ្កាយព្រមទាំង​​ផ្គត់ផ្គង់​សំណុំពពក​​ដែល​នៅ​ជុំវិញ​ប្រហោង​ខ្មៅយក្ស។

គួរជម្រាបថា កាឡាក់ស៊ីខាង​លើនេះ​មានឈ្មោះថា W2246 គឺជាកាឡាក់ស៊ី​ឆ្ងាយបំផុត ដែល​អ្នក​វិទ្យា​សាស្រ្ត​​រក​ឃើញ​ថា កំពុងស្រូបយក​​រូបធាតុ​ពីប្រភពជាច្រើន។ ពន្លឺរបស់វា​ចំណាយពេល​ ១២.៤ពាន់ឆ្នាំពន្លឺ​ ដើម្បីធ្វើដំណើរមក​ដល់យើង ដូច្នេះ​ហើយ​​អ្នក​វិទ្យាសាស្រ្តកំពុង​មើលឃើញកាឡាក់ស៊ីនេះ​ក្នុងទម្រង់ នៅពេលដែលចក្រវាឡ​​យើង​មាន​អាយុ​កាល​ទើបមួយភាគដប់​​​​នៃ​​អាយុកាល ១៣.៨ពាន់លានឆ្នាំ​របស់វា៕