(​សេអ៊ូល)៖ ការបំពេញដំណើរ​ទស្សនកិច្ចរបស់មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន មកកាន់ប្រទេស​កូរ៉េខាងត្បូង នឹងនៅ​តែត្រូវធ្វើឡើងនៅមុន​ដំណាច់ឆ្នាំ២០១៨នេះ ខណៈការរៀបចំ​កិច្ចប្រជុំកំពូលរវាងលោក គីម និងប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូន ជែអ៊ីន ត្រូវការពេល​តែជាង ០២ខែប៉ុណ្ណោះក្នុងការរៀបចំ។ នេះបើតាម​សម្តីលោក ចូ ម្យ៉ាងក្យុន (Cho Myoung-gyon) ដកស្រង់​ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

រដ្ឋមន្ត្រីក្រសួង​បង្រួបបង្រួមជាតិ​កូរ៉េខាងត្បូង លោក Cho Myoung-gyon ថ្លែងបែបនេះនាឱកាសដែលបំពេញទស្សនកិច្ច រយៈពេល ០៥ថ្ងៃ ក្នុង​សហរដ្ឋអាមេរិក​នាសប្ដាហ៍នេះ។ លោក Cho បានលើក​ឡើងយ៉ាងដូច្នេះថា «តាមរយៈបទ​ពិសោធន៍​ពីអតីត​កាល ដំណើរទស្សនកិច្ច​មួយ​ដែលត្រូវធ្វើនៅចុងឆ្នាំ គឺមិនអាចកើត​ឡើង​ឡើយ។ ប៉ុន្តែផ្អែកលើ​កិច្ចប្រជុំកំពូល​អន្តរកូរ៉េចំនួនបី​លើកកន្លងមក បានផ្លាស់ប្ដូរ​ស្ថានភាព​បែបនេះ ហើយមេដឹកនាំទាំងពីរ​ក៏បានព្រមព្រៀងគ្នា​ផងដែរថា នឹងនៅតែរក្សា​ការរៀបចំ ទាំងឡាយ​ពាក់ព័ន្ធនឹង​កិច្ចប្រជុំ»

គួរជម្រាបថា លោក មូន និងលោក គីម បានជួបគ្នាចំនួនបី​លើករួមមកហើយ ក្នុងនោះពីរ​លើត្រូវធ្វើឡើងនៅ​តំបន់ព្រំដែន​នៃប្រទេសកូរ៉េទាំងពីរ កាលពីខែមេសា និងខែឧសភា រីឯជំនួបលើកទី ៣ ធ្វើឡើងក្នុង​ទីក្រុងព្យុងយ៉ាង កាលពីខែកញ្ញា​កន្លងទៅ។ ប៉ុន្តែ​បើសិនជាកិច្ចប្រជុំ​លើកទី ៤ ត្រូវប្រព្រឹត្តទៅ​តាមការគ្រោង​ទុកមែន​នោះ លោក គីម នឹងក្លាយជា​មេដឹកនាំ​កូរ៉េខាងជើងដំបូង​គេបំផុត ដែលយកជើង​ជាន់ទឹកដី​ទីក្រុងសេអ៊ូល ចាប់តាំងកូរ៉េទាំងត្រូវពុះចែកជាពីរមក៕