(សិង្ហបុរី)៖ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ សនិ្នសីទថ្នាក់ដឹកនាំចិន និងអាស៊ានលើកទី ២១ បានប្រារព្ធធ្វើនៅ​ប្រទេសសិង្ហបុរី ។ លោក លី ខឺឈាង នាយករដ្ឋមន្ត្រី​ចិន និងថ្នាក់ដឹកនាំ​នៃបណ្តាប្រទេសអាស៊ាន​នានា​ បានធ្វើការ​ពិគ្រោះពិភាក្សាជាមួយគ្នា ព្រមទាំងអនុម័ត​ឯកសារ «ទស្សនទានស្តីពីទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រ​រវាងចិន និងអាស៊ាន​ឆ្នាំ២០៣០» ផងដែរ ។ នេះជា​ការបង្ហាញថា ប្រទេសចិនបាន​ក្លាយជាប្រទេស​ដៃគូសនុ្ទនា​ទីមួយ​ ដែលបានគ្រោង​ផែនការ និងធ្វើទស្សនទាន​រយៈពេល​កណ្តាល និងរយៈពេលវែង​ស្តីពីការអភិវឌ្ឍ​ទំនាក់ទំនងជា​មួយអាស៊ាន​។

«ទស្សនទានស្តីពី​ទំនាក់ទំនង ភាព​ជាដៃគូយុទ្ធសាស្ត្ររវាង​ចិន និងអាស៊ាន​ឆ្នាំ២០៣០» ដែលត្រូវបាន​អនុម័តក្នុងសនិ្នសីទ​ នៅប្រទេស​សិង្ហបុរី​លើកនេះ បានជំរុញ​ទំនាក់ទំនងភាព​ជាដៃគូយុទ្ធសាស្ត្រ​ទ្វេភាគី ឲ្យឆ្ពោះទៅរក​ឆ្នាំ២០៣០។ ប្រការនេះ​បានបង្ហាញ​ឲ្យឃើញ​ថា បន្ទាប់​ពីឆ្លងកាត់​ការធ្វើកិច្ច​សហប្រតិបតិ្តការ​អស់មួយ​ទសវត្សរ៍មាស​ នៅអតីតកាល និងទសវត្សរ៍​ពេជ្រនៅពេល​បច្ចុប្បន្ន ប្រទេសចិន និងអាស៊ាននឹង​ចាប់ដៃគ្នាជា​បន្តទៀត ដើម្បីពន្លឿន​ការដើរឆ្ពោះទៅ​រកការអភិវឌ្ឍ​ជាមួយគ្នា ។

«ការចេញ​ដំណើរ​ជាមួយគ្នា» គឺបានមក​ពីភាគីទាំងពីរ​មានក្តីរំពឹង​ និងជំនឿចិត្តដូចគ្នា​លើការអភិវឌ្ឍ​នៅពេលអនាគត​រវាងគ្នា និងគ្នា​។ កិច្ច​សហប្រតិបតិ្តការ​លើវិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ជានិច្ចកាល​គឺជាមូលដ្ឋាន​ដ៏រឹងមាំ​នៃទំនាក់ទំនង​រវាងចិន និងអាស៊ាន​រហូតមក ហើយក៏ជាក្តីរំពឹង និងជំនឿចិត្តដូចគ្នា​រវាងទ្វេភាគី​ផងដែរ។

«ការចេញ​ដំណើរ​ជាមួយគ្នា» គឺបានមកពីភាគី​ទាំងពីរធ្វើប្រតិបតិ្តការ​យ៉ាងមុតមាំ​ជាដរាបមក​ ដើម្បីគាំពារ​ពាណិជ្ជកម្ម​សេរី និងពហុភាគី​និយម ។ ក្នុងការប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រទេស​អាស៊ាន​លើវិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ជានិច្ចកាល​ប្រទេស​ចិន​​តែងតែ​គូស​បញ្ជាក់​នូវគោលការណ៍​ ផ្តល់ផលប្រយោជន៍​ដល់គ្នាទៅវិញ​ទៅមក និងឈ្នះ-ឈ្នះ ព្រមទាំង​បានប្រើវិធីសាស្ត្រ​គ្រប់បែប​យ៉ាង ដើម្បីបើក​ទូលាយទីផ្សារ​ប្រទេសចិន​ ចំពោះបណ្តា​ប្រទេស​អាស៊ាន និងលើកកម្ពស់​ប្រជាប្រិយភាព​ នៃផលិតផល​អាស៊ាន​ផងដែរ៕

ចាប់តាំង​ពីចិន និងអាស៊ាន​បានបង្កើតទំនាក់​ទំនង ​ភាពជាដៃគូយុទ្ធសាស្រ្ត​អស់រយៈពេល ១៥ឆ្នាំមក ទោះបីជា​ក្នុងអំឡុងពេល​នេះស្ថានការណ៍​អន្តរជា និងតំបន់កើត​មានការប្រែប្រួល​យ៉ាងស្មុគស្មាញក្តី ក៏ប៉ុន្តែភាគី​ទាំងពីរ​បានខិតខំជំរុញ​ឥតឈប់ឈរ នូវកិច្ចសហប្រតិបត្តិការ​ទ្វេភាគីលើ​វិស័យកិច្ចសន្ទនា​ខាង​នយោបាយ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិនិងសន្តិសុខជាដើម។

អ្នកវិភាគបាន​បង្ហាញថា ស្របនឹង​ពេលដាក់ចេញ «ទស្សនទាន​ស្តីពីទំនាក់ទំនង​ភាពជាដៃគូ​យុទ្ធសាស្រ្ត​ចិន និងអាស៊ាន​ឆ្នាំ២០៣០» នាពេល​អនាគតចិន និងអាស៊ាន​នឹងជំរុញការ​តភ្ជាប់ដោយ​ស៊ីជម្រៅរវាង​គំនិតផ្តួចផ្តើម​ខ្សែក្រវាត់​មួយ និងផ្លូវមួយ​និងទស្សនទាន​ស្តីពីសហគមន៍​អាស៊ាន​ឆ្នាំ២០២៥ ក្នុងន័យពង្រឹង និងពង្រីក​កិច្ចកសាងលើ​វិស័យធំៗទាំង ៣ គឺសន្តិសុខខាង​នយោបាយ កិច្ច​សហប្រតិបត្តិការ​ខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មក៏ដូចជា​ការផ្លាស់ប្តូរ​ខាងវប្បធម៌​មនុស្សជាតិ។

ប្រការដែល​ប្រទេសចិន និងអាស៊ាន​ចាប់ដៃគ្នាដើរ​ឆ្ពោះទៅរ​កឆ្នាំ២០៣០ គឺបានបង្ហាញ​ពីជំនឿចិត្តរបស់​អាស៊ាន ចំពោះការអភិវឌ្ឍ​យូរអង្វែង និងការបើក​ទូលាយជានិរន្តរភាព​របស់ប្រទេសចិន​ផងដែរ។ ការថែរក្សា និងលើកកម្ពស់​ទំនាក់ទំនង​មេត្រីភាពរវាង​ចិន និងអាស៊ានមិនត្រឹមតែ​នឹងបំពេញបន្ថែមកម្លាំង​ចលករ​ជានិរន្តរភាព សម្រាប់ការ​អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសចិន និងអាស៊ាន​ប៉ុណ្ណោះទេ ប៉ុន្តែក៏នឹង​ជំរុញឱ្យប្រទេស​ចិន និងអាស៊ានដើរតួនាទី​កាន់តែធំ​​ក្នុងកិច្ចការ​អន្តរជាតិ និងតំបន់ផងដែរ៕