(សិង្ហបុរី)៖ អនុប្រធានាធិបតីអាមេរិក លោក ម៉ៃ ភែន (Mike Pence) បានលើកឡើង​នាថ្ងៃសុក្រនេះថា តំបន់សមុទ្រ​ចិន​ខាងត្បូង មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេសជាតិណាមួយឡើយ ហើយសហរដ្ឋអាមេរិកនឹងនៅតែបន្ត​ធ្វើ​ការ​ចល័ត​​នាវា​ព្រមទាំងយន្តហោះទៅគ្រប់ទីទាំងកន្លែង ឲ្យតែច្បាប់អន្តរជាតិអនុញ្ញាត។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការកត់សម្គាល់ខាងលើនេះច្បាស់ណាស់ថានឹង​ធ្វើឲ្យទើសចិត្តចិនកាន់តែខ្លាំងថែមទៀត ខណៈ​ដែល​ទីក្រុង​ប៉េកាំង​បាន​​ប្រកាសទាម​ទារចំណែកស្ទើរតែទាំងស្រុងនៃតំបន់ផ្លូវសមុទ្រយុទ្ធសាស្រ្តនេះ។ កន្លងមក អាមេរិក​តែង​ធ្វើ​យុទ្ធ​នា​ការ​សេរី​ភាពនៃនាវាចរណ៍​របស់ខ្លួន នៅដែនសមុទ្រមានជម្លោះនេះ ហើយទង្វើនេះបានធ្វើឲ្យចិនខឹងសម្បារ​ជា​​ខ្លាំង ដោយ​ថា​វាគំរាមកំហែងដល់អធិបតេយ្យភាពរបស់ខ្លួន។

គួរជម្រាបថា ចិន ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និងតៃវ៉ាន់ សុទ្ធតែមានការទាមទារចំណែករៀងៗខ្លួន​នៅ​សមុទ្រចិនខាងត្បូង ជាតំបន់ដែលមានទំហំពាណិជ្ជកម្ម​ប្រមាណ៣ទ្រីលានដុល្លារក្នុងមួយឆ្នាំៗ៕