(អាមេរិក)៖ បុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ ដែលកូនប្រុស​បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍​ធ្លាក់យន្តហោះ​​របស់​ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកឥណ្ឌូណេស៊ី Lion Air កាលពីខែមុន បានសម្រេចប្តឹង​ក្រុមហ៊ុនផលិតយន្តហោះ​របស់​សហរដ្ឋ​អាមេរិក Boeing ដោយចោទប្រកាន់ថា ​កំហុសឆ្គងក្នុងគំរូផលិត​នៃយន្តហោះ Boeing 737 MAX 8 គឺជា​មូល​ហេតុ​នៅ​ពីក្រោម​សោកនាដកម្មនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅ​ព្រឹកថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

ពាក្យបណ្តឹងខាងលើត្រូវបានបញ្ជូនមកកាន់​តុលាការអាមេរិកក្នុងរដ្ឋ Illinois ​ជា​កន្លែងដែលទីស្នាក់ការក្រុមហ៊ុន Boeing ស្ថិតនៅ ដោយឪពុក​របស់​លោក​ Rio Nanda Pratama ក្រោមការចោទប្រកាន់ថា Boeing ពុំបានព្យាយាមគ្រប់​គ្រាន់​ដើម្បីជូនដំណឹង​ដល់​ក្រុមហ៊ុន Lion Air និង​ក្រុមអាកាសយានិករបស់អាកាសចរណ៍ ឲ្យប្រុងប្រយ័ត្នខ្ពស់ចំពោះ​មុខងារ​មិន​​​មាន​​សុវត្ថិ​​ភាព​​មួយ​​​នៅ​ក្នុងគំរូផលិតនៃយន្តហោះ Boeing 737 MAX។

គួរជម្រាបថា នៅពេលដែលយន្តហោះធ្លាក់ លោក Pratama គឺកំពុងតែធ្វើដំណើរមកពីចូលរួមសន្និសីទមួយ ដើម្បីវិល​ត្រឡប់ទៅផ្ទះវិញ ហើយលោកត្រូវរៀបអាពាហ៍ពិពាហ៍នាសប្តាហ៍នេះថែមទៀតផង ខណៈដែលកូនក្រមុំរបស់លោក​សុខចិត្តថតរូបរៀបការតែម្នាក់ឯង។

យន្តហោះជើងហោះហើរ៦១០​របស់ Lion Air បានធ្លាក់ចូលក្នុងសមុទ្រជ្វា​ប្រទេសឥណ្ឌូណេស៊ី ក្រោយហោះចាកចេញ​ពី​អាកាសយានដ្ឋានក្នុងរដ្ឋធានីហ្សាការតា​បាន​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ កាលពីថ្ងៃទី២៩ ខែតុលា ខណៈមនុស្សទាំង​​១៨៩នាក់នៅលើនោះ បានបាត់បង់ជីវិតទាំងអស់។ ក្រុមអ្នកស៊ើបអង្កេតឥណ្ឌូណេស៊ី នឹង​ចេញផ្សាយរបាយការណ៍​បឋម​​ជុំវិញ​ករណី​ធ្លាក់យន្តហោះនាពេលឆាប់ៗក្នុងខែនេះ៕