(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានសម្រេចចិត្តដាក់ទណ្ឌកម្មដ៏កម្រមួយលើមន្ត្រីអារ៉ាប៊ីសាអូឌីត១៧នាក់ ដែលមានសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការសម្លាប់អ្នកកាសែត Washington Post លោក Jamal Khashoggi។ តែទណ្ឌកម្មនេះមិនមាន

គោលដៅលើរដ្ឋាភិបាលទីក្រុងរីយ៉ាដ ដែលជាម៉ូយអាវុធដ៏ធំរបស់សហរដ្ឋអាមេរិកនោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការដាក់ទណ្ឌកម្មរបស់ ក្រសួងរតនាគារជាតិអាមេរិក គឺជាការឆ្លើយតបជាលើកដំបូងបំផុតរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ ទៅនឹងអំពើឃាតកម្មដ៏អាថ៌កំបាំងលើ លោក Khashoggi នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល ប្រទេសតួកគី កាលពីថ្ងៃទី០២ ខែតុលាកន្លងទៅ។ ម្យ៉ាងវិញទៀត នេះគឺជាការដាក់ទណ្ឌកម្មអាមេរិក ដ៏កម្រមួយលើជនជាតិ អារ៉ាប៊ីសាអូឌីត ហើយក្នុងចំណោមអ្នកដែលជាប់ទណ្ឌកម្មរួមមាន លោក Saud al-Qahtani ដែលត្រូវបានបណ្ដេញចេញពី តំណែងជាទីប្រឹក្សាជាន់ខ្ពស់របស់ព្រះអង្គម្ចាស់ ប៊ិនសាល់ម៉ាន រួមទាំងលោក Mohammad al-Otaibi ជាអគ្គកុងស៊ុល អារ៉ាប៊ីសាអូឌីត និងមនុស្ស១៥នាក់ផ្សេងទៀត ដែលតួកគីជឿជាក់ជាក្រុមមនុស្សដែលត្រូវបានគេបញ្ជូនមកទីក្រុងអ៊ីស្ដង់ប៊ូល ដើម្បីសម្លាប់លោក Khashoggi។

សូមជម្រាបថា ទន្ទឹមគ្នានឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ក្រុមព្រះរាជអាជ្ញាអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃព្រហស្បតិ៍ ក៏បានចោទប្រកាន់ជាផ្លូវការលើមនុស្ស១១នាក់ផងដែរ ហើយបានស្នើឱ្យមានការកាត់ទោសប្រហារជីវិតលើមនុស្ស៥នាក់ ក្នុងចំណោមអ្នកទាំងនេះ។ លើសពីនេះទៀត ក្រុមព្រះរាជអាជ្ញាអារ៉ាប៊ីសាអូឌីត ថែមទាំងអះអាងទៀតថាមន្ត្រីស៉ើបការសំងាត់ ជាន់ខ្ពស់អារ៉ាប៊ីសាអូឌីតម្នាក់ គឺជាអ្នកបញ្ជាឱ្យគេសម្លាប់លោក Khashoggi ពោលគឺមិនមែនព្រះអង្គម្ចាស់ប៊ិនសាល់ម៉ាន ជាអ្នកបញ្ជានោះឡើយ។

ក៏ប៉ុន្តែអ្វីដែលគេចង់ដឹងបំផុតនៅពេលនេះ មិនមែនត្រឹមតែនរណាជាអ្នកសម្លាប់លោក Khashoggi ទេ នោះគឺថាតើសាកសព អ្នកកាសែតរូបនេះនៅទីណា៕