(ហ្សាការតា)៖ ប៉ូលិសឥណ្ឌូណេស៊ី បានបញ្ជាក់អត្តសញ្ញាណរួចរាល់ហើយ នូវជនជាតិអ៊ីតាលីម្នាក់ដែលបានស្លាប់ក្នុងគ្រោះថ្នាក់ ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ហើយសាកសពនេះនឹងត្រូវបញ្ជូនត្រឡប់ទៅកាន់គ្រួសាររបស់គាត់វិញ នៅប្រទេសអ៊ីតាលី។ នេះបើតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

ប៉ូលិសឥណ្ឌូណេស៊ីបានប្រាប់ឲ្យដឹងថា សាកសពជនជាតិអ៊ីតាលីជាបុរសខាងលើមានឈ្មោះ Andrea Manfredi និងត្រូវបាន បញ្ជាក់អត្តសញ្ញាណ កាលពីថ្ងៃអង្គារ ជាមួយនឹងសាកសពអ្នកធ្វើដំណើរ២នាក់ផ្សេងទៀត ដែលស្ថិតនៅក្នុងចំណោម
ជនរងគ្រោះទំាង១៨៩នាក់ជិះនៅលើយន្តហោះ Boeing 737 ដែលបានធ្លាក់ចូលទៅក្នុងទឹកសមុទ្រក្នុងប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២៩ ខែតុលាកន្លងទៅ។

សាកសពលោក Manfredi គឺជាជនជាតិបរទេសម្នាក់ ក្នុងចំណោមជនជាតិបរទេស ២នាក់បានជិះនៅលើយន្តហោះដែល ធ្លាក់នោះដោយជនជាតិបរទេសម្នាក់ទៀត​ គឺជាអ្នកបើកបរយន្តហោះ ឈ្មោះ Bhavye Suneja មកពីប្រទេសឥណ្ឌា។ លើសពីនេះទៅទៀត គិតត្រឹមថ្ងៃពុធសប្ថាហ៍នេះប៉ូលិសឥណ្ឌូណេស៉ី បានបញ្ជាក់អត្តសញ្ញាណជនរងគ្រោះចំនួន៨៥នាក់ ហើយ ក្នុងនោះមានបុរស៦៤នាក់ និងស្ត្រី២១នាក់។

គួររំលឹកថា ជើងហោះហើរ JT 610 ផ្ទុកដោយមនុស្ស១៨៩នាក់ ជិះនៅលើនោះ បានធ្លាក់ចូលទឹកសមុទ្រ នាខេត្ត West Java ភ្លាមៗ បន្ទាប់ពីហោះចេញពី អាកាសយាន្តដ្ឋាននៅទីក្រុង Jakarta៕