(រីយ៉ាដ)៖ អារ៉ាប៊ីសាអូឌីតនឹងស្នើឲ្យមានការផ្តន្ទាទោសប្រហារជីវិតជនសង្ស័យ០៥នាក់ ក្នុងចំណោម១១នាក់ ដែល​ត្រូវ​បានចោទប្រកាន់ជាផ្លូវការ ជុំវិញករណីឃាតកម្មអ្នកកាសែតរិះគន់រដ្ឋាភិបាលទីក្រុងរីយ៉ាដ លោក Jamal Khashoggi​។ នេះបើតាមការបញ្ជាក់ពីរដ្ឋអាជ្ញាអារ៉ាប៊ីសាអូឌីតមួយរូប ដកស្រង់សម្តីដោយសារព័ត៌មាន Bloomberg នៅល្ងាចថ្ងៃ​​ព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

​បើតាមរដ្ឋអាជ្ញាខាងលើ មនុស្សចំនួន១១នាក់​ត្រូវបានចោទប្រកាន់ ក្នុងសំណុំរឿងឃាតកម្ម​លោក Khashoggi ក្នុង​​ចំណោមមនុស្សទាំង២១នាក់ ដែលត្រូវបានឃាត់ខ្លួន ហើយក្នុងចំណោម១១នាក់នោះទៀតសោត ​​០៥នាក់​អាច​នឹង​​ត្រូវប្រឈមទោសប្រហារជីវិត។

គួរជម្រាបថា លោក Khashoggi ត្រូវបានគេសម្លាប់ក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត នៅទីក្រុងអ៊ីស្តង់ប៊ុល​​ប្រទេស​តួកគី កាលពីថ្ងៃទី០២ ខែតុលា ហើយសាកសពរបស់លោកត្រូវគេកាត់ជាកង់ៗ និងយកទៅបោះចោលមិនដឹងជានៅ​ទីណាឲ្យប្រាកដឡើយ។ អ្វីដែលជាចំណុចរសើបខ្លាំងចំពោះករណីនេះ គឺការសង្ស័យភាគច្រើនថាអ្នកដែលបញ្ជាពី​ក្រោយខ្នងការធ្វើឃាតអ្នកកាសែតរូបនេះ គឺគ្មាននរណាផ្សេងក្រៅពី​ព្រះអង្គម្ចាស់ស្នងរាជ្យ Mohammed bin Salman ​ឡើយ ទោះបីជាទីក្រុងរីយ៉ាដបានទាត់ចោលជាដដែលៗនូវការសង្ស័យក៏ដូចជាសន្និដ្ឋាននេះក៏ដោយ៕