(អ៊ីស្រាអែល)៖ ​ក្រុមហ៊ុនផ្កាយរណបអ៊ីស្រាអែល ImageSat International បានអះអាងថា ប្រព័ន្ធខែលការពារអាកាស​ S-300 ដែលរុស្ស៉ីបានបញ្ជូនទៅ​ស៊ីរីនោះ តាមពិតមិនទាន់អាច​ធ្វើប្រតិបត្តិការបាននៅឡើយទេ។ នេះបើតាមការដក​ស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

​ក្រុមហ៊ុន ImageSat International (iSi) បានបញ្ចេញរូបភាពនៃកន្លែងមួយ ដែលខ្លួនអះអាងថា ជាទីតាំង​​របស់​​ប្រព័ន្ធ​ S-300 ដែលរុស្ស៉ីបានប្រគល់ទៅឲ្យស៊ីរី នៅ​ក្រុង Masyaf ភាគពាយ័ព្យ​ប្រទេសស៊ីរី។ iSi បានអះអាងទៀតថា ​បើផ្អែក​​លើរូបភាពទាំងនេះ គឺបង្ហាញថាប្រព័ន្ធ S-300 របស់រុស្ស៉ី មិនទាន់ត្រូវបានដាក់ឲ្យធ្វើប្រតិបត្តិការកើតនៅឡើយទេ។

គួរជម្រាបថា កាលពីដើមខែតុលា រុស្ស៉ីបានប្រកាសពីការប្រគល់​​ប្រព័ន្ធ S-300 ចំនួនប៉ុន្មានគ្រឿង​​ទៅ​កាន់ស៊ីរី ដើម្បី​ជា​ការឆ្លើយតបចំពោះ​ករណីបាញ់ទម្លាក់​យន្តហោះយោធារុស្ស៊ី Il-20 ដែលបានបណ្តាលឲ្យ​នាយទាហាន​១៥នាក់​ស្លាប់ នៅ​ក្បែរទីក្រុង Latakia ប្រទេសស៊ីរី។ ទីក្រុងម៉ូស្គូ បានចោទកងយន្តហោះចម្បាំងអ៊ីស្រាអែលថា បានប្រើយន្តហោះ​រុស្ស៊ីធ្វើជាខែល ក្នុងប្រតិបត្តិការវាយប្រហាររបស់ពួកគេនៅស៊ីរី ដែលទីបំផុតធ្វើឲ្យយន្តហោះនោះ ត្រូវប្រព័ន្ធការពារអាកាសស៊ីរីច្រឡំបាញ់ទម្លាក់៕