(សេអ៊ូល)៖ អ្នកនេសាទចំនួន១៣នាក់ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា ក្រោយពីទូកនេសាទកូរ៉េខាងត្បូង​របស់​ពួកគេ បានលិចចូលសមុទ្រដោយសារតែការប៉ះទង្គិចគ្នាជាមួយ​ទូកនេសាទ​មួយគ្រឿង​ទៀតរបស់ជប៉ុន។ នេះបើតាម​ការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

ហេតុការណ៍ខាងលើបានកើតឡើងនៅលើផ្ទៃសមុទ្រ​ នាចម្ងាយប្រហែលជា៣៣០គីឡូម៉ែត្រ​ ភាគឦសានប្រជុំកោះ​ជម្លោះដែលជប៉ុនដាក់ឈ្មោះថា Takeshima រីឯកូរ៉េខាងត្បូងហៅថា Dokdo។ ក្រោយការប៉ះទង្គិចជាមួយ​ទូកនេសាទ​ជប៉ុនដែលមានទម្ងន់១០០តោន ទូកនេសាទកូរ៉េខាងត្បូងទម្ងន់​ត្រឹម៤៨តោនក៏បានលិច។ អ្នកនេសាទទាំង១៣នាក់​របស់ទូកកូរ៉េខាងត្បូង ត្រូវបានជួយសង្រ្គោះ​ដោយ​​ទូកនេសាទ​​មួយចំនួនរបស់ក្រុម​ហ៊ុនឯកជន ដែលមានវត្តមាន​នៅ​ក្បែរនោះ។

គួរជម្រាបថា ​​​ចំណែកទូកនេសាទជប៉ុនមិនត្រឹមតែមិនបានលិចនោះទេ សូម្បីតែអ្នករងរបួស​ក៏ពុំត្រូវបានឃើញ​មានគេ​រាយការណ៍នោះដែរ។ ដោយឡែក កងនាវាល្បាត​កូរ៉េខាងត្បូង កំពុងស្រាវជ្រាវថា តើគ្រោះថ្នាក់នេះបង្កឡើងដោយ​សារមូលហេតុអ្វីឲ្យប្រាកដ៕