(វ៉ាស៊ីនតោន)៖ ចំនួនសាកសព​ជនរងគ្រោះ​​ដែលត្រូវបានរកឃើញ គឺកើនឡើងដល់​ ៥៦នាក់ហើយ ដោយសារតែភ្លើងឆេះព្រៃ​​នៅភាគខាង​ជើងរដ្ឋ​កាលីហ្វរញ៉ា។ នេះបើតាមការ​ដកស្រង់ការចេញ​ផ្សាយពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃ​​ព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

​បើតាមបញ្ជាក់ពីអាជ្ញាធរអាមេរិក សាកសពចំនួន ០៨នាក់ទៀត ត្រូវបានរក​ឃើញនាថ្ងៃពុធ​សប្តាហ៍នេះ (ពេល​​វេលា​នៅអាមេរិក) ខណៈសាកសពមនុស្សសរុបទាំង ៥៦នាក់ សុទ្ធតែត្រូវបានប្រទះឃើញនៅ​ក្បែរ និងក្នុង​ទីក្រុង​ ផារ៉ាដាយស៍ (Paradise) ដែលបានទទួល​រងការបំផ្លិចបំផ្លាញជាខ្លាំង​ដោយមហន្តរាយ​ភ្លើងឆេះព្រៃ​ខាងលើ។ ទន្ទឹមនឹងនេះ​ក្រុមអ្នករុករក​​កំពុង​​​បន្តប្រតិបត្តិការ​របស់ខ្លួនទៅ​មុខទៀត ស្របពេល​ដែល​មនុស្ស​ប្រហែល ១៣០នាក់ ឬក៏ច្រើន​ជាងនេះ​ត្រូវបានចុះក្នុង​​បញ្ជី​បាត់ខ្លួន។

គួរជម្រាបថា ភ្លើងឆេះព្រៃ​ឈ្មោះថា Camp Fire រហូតមកទល់​ពេលនេះ នៅតែត្រូវចាត់​ទុកជា​ គ្រោះអាសន្នធំបំផុតមួយ​ដដែល ខណៈភ្នាក់ងារ​ពន្លត់​អគ្គីភ័យ​ជិត ៥,៥០០នាក់ កំពុង​ព្យាយាម​ពន្លត់វាឲ្យបាន​ទាំងស្រុង។ គិត​ចាប់​តាំង​​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​​មុនមក ផ្ទៃដី​​ប្រមាណ ៥៥៨.៥គីឡូម៉ែត្រ​ក្រឡា​​​ត្រូវបានឆាបឆេះ ហើយ​ភ្លើង​ឆេះ​​ព្រៃ​នេះ​ទើប​ត្រូវ​គេ​គ្រប់​គ្រង​បាន​ ៣៥ភាគរយ​ប៉ុណ្ណោះ។ ព្រមពេល​ជាមួយគ្នា​ភ្លើងឆេះព្រៃ ០២ទៀត ក៏កើតមានឡើង​ភាគខាងត្បូងរដ្ឋកាលីហ្វរញ៉ា​​ផងដែរ ប៉ុន្តែវាស្ថិត​នៅក្នុងការ​គ្រប់គ្រង៕