​(ម៉ានីល)៖ ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានខកខាន​ចូលរួមក្នុងជំនួប​ជាច្រើន​នៃកិច្ចប្រជុំកំពូល​ថ្នាក់តំបន់ ដោយសារតែចង់​យកពេលសម្រាកដេក​ថ្ងៃយក​កម្លាំង។ នេះបើតាមអ្នក​នាំពាក្យរបស់លោក ដកស្រង់​ដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

អ្នកនាំពាក្យ​លោក ឌូតឺតេ គឺលោក សាលវ៉ាដឺ ផេនែឡូ (Salvador Panelo) បានឱ្យដឹង​ទៀតថា លោកប្រធានាធិបតី​ហ្វីលីពីនវ័យ ៧៣ឆ្នាំរូបនេះ បានខកខាន​ចូលរួមកិច្ចប្រជុំចំនួន ០៤ កាលពីថ្ងៃពុធ ពីព្រោះលោកចង់​យកពេលដេកថ្ងៃ​យកកម្លាំង។ លោក Panelo បន្ថែមថា លោក ឌូតឺតេ បានធ្វើការងារ​ដល់យប់ជ្រៅ ហើយលោកគេង​បានតែពីរបីម៉ោង​ប៉ុណ្ណោះ។ ប៉ុន្តែ អ្នកនាំពាក្យ​រូបនេះបាន​បញ្ជាក់ថា សុខភាពរបស់​លោក ឌូតឺតេ មិនមានបញ្ហាអ្វីនោះទេ។

គួរបញ្ជាក់ថា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ កំពុងស្ថិតនៅ​ក្នុងប្រទេសសិង្ហបុរី ដើម្បីចូលរួមកិច្ច​ប្រជុំកំពូលអាស៊ាន​ ជាមួយមេដឹកនាំ​ពិភពលោក​ដទៃទៀត។ ម្យ៉ាងវិញទៀត នេះមិនមែនជាលើកទីមួយឡើយ​ដែលប្រធានាធិបតីហ្វីលីពីនរូបនេះ ខកខានការ​ប្រជុំ ពោលគឺលោក​ក៏ធ្លាប់បានខកខាន​ការប្រជុំអន្តរជាតិ​ ជាច្រើនផងដែរ​កាលពីឆ្នាំ២០១៨ រហូតដល់មាន​ពាក្យចចាមអារ៉ាម​ថា លោក​មានបញ្ហា​សុខភាព៕