(សិង្ហបុរី)៖ អនុប្រធានាធិបតី​អាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) បាននិយាយ​នៅថ្ងៃព្រហស្បតិ៍​នេះថា ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ មានគំរោង​ជួបមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាលើកទី ២ នៅក្នុងឆ្នាំ២០១៩ ខាងមុខនេះ។ ប៉ុន្តែ​ព្រមពេល​ជាមួយគ្នា​លោកបាន​សង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក​នឹងមិនធ្វើឱ្យ​មានកំហុស​ច្រំដែល ដោយបណ្ដោយ​ឱ្យទីក្រុង​ព្យុងយ៉ាង ក្បត់ពាក្យ​សន្យា ក្នុងការរំសាយ​អាវុធនុយក្លេអ៊ែរ​ទៀតនោះ​ទេ។ នេះបើតាម​ការចេញផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក Mike Pence ធ្វើការកត់​សម្គាល់បែបនេះ​ ប្រាប់អ្នកសារព័ត៌មាន​ក្នុងប្រទេស​សិង្ហបុរី បន្ទាប់ពីជំនួបជា​មួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន។ លោក Pence បានលើក​ឡើងយ៉ាងដូច្នេះថា «គំរោងទាំងឡាយ​កំពុងដំណើរការ​ទៅមុខ... ហើយយើង​ជឿជាក់ថា កិច្ចប្រជុំកំពូលអាច​នឹងត្រូវធ្វើឡើង​នៅក្នុងឆ្នាំ២០១៩ ខាងមុខនេះ។ ប៉ុន្តែ យើងមិន​ប្រព្រឹត្តកំហុស​ច្រំដែល ដូចរដ្ឋាភិបាលអាមេរិក​មុនៗ ដោយបណ្ដោយ​ឱ្យទីក្រុងព្យុងយ៉ាង​ក្បត់ពាក្យសន្យា​ ក្នុងការរំសាយ​អាវុធនុយក្លេអ៊ែរ​ទៀត​នោះឡើយ»

គួរបញ្ជាក់ថា ការលើកឡើង​របស់លោកអនុប្រធានាធិបតីអាមេរិក​ ​ត្រូវបានធ្វើឡើងតែប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពីមានសេចក្ដីរាយការណ៍​កាលពីថ្ងៃចន្ទថា កូរ៉េខាងជើង​​នៅតែ​បន្តលួចលាក់​អភិវឌ្ឍន៍អាវុធមីស៊ីល-នុយក្លេអ៊ែរ តាមរយៈការ​លាក់បាំងទីតាំង​អភិវឌ្ឍន៍មីស៉ីល និងនុយក្លេអ៊ែររហូតដល់ ១៣កន្លែង ក្នុងចំណោម ២០ ទីតាំងនៅតាមតំបន់​ព្រៃភ្នំដាច់ស្រយ៉ាល​នៃប្រទេស។

ម្យ៉ាងវិញទៀត ការអះអាងនេះ​ក៏បានបង្កឱ្យមាន​ការសង្ស័យផ​ងដែរ ចំពោះការលើក​ឡើងរបស់លោក ដូណាល់ ត្រាំ ដែលថា​ទីក្រុងព្យុងយ៉ាង​លែងក្លាយជាការ គំរាមកំហែង​នុយក្លេអ៊ែរ​ទៀតហើយ ដោយតែភាព​ជឿនលឿន​នៃកិច្ចចរចារ​វាងលោក និង លោក គីម ជុងអ៊ុន កាលពី​ខែមិថុនា​ក្នុងប្រទេស​សិង្ហបុរី៕