(វ៉ាស៉ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិរងសេតវិមាន លោកស្រី Mira Ricardel ត្រូវបានបណ្ដេញចេញពីតំណែងហើយ ក្រោយ លេចលឺថាមានទំនាស់ជាមួយជំទាវទីមួយអាមេរិក លោកស្រី Melania Trump។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី១៥​ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោកស្រី Sarah Sanders អ្នកនាំពាក្យសេតវិមាន បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍ នេះថា លោក​ស្រី Ricardel នឹងត្រូវទៅកាន់តួនាទីថ្មី ហើយនឹងនៅតែបន្តគាំទ្រលោកប្រធានាធិបតីដូណាល់ ត្រាំ។ ប៉ុន្តែ អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់អ្វីបន្ថែមឡើយ ខណៈប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថាលោកស្រី Ricardel និងលោកស្រី Melania Trump ធ្លាប់ទាស់សម្ដីនឹងគ្នានៅអំឡុងនៃដំណើរទស្សនកិច្ចមួយទៅកាន់ទ្វីបអាហ្រ្វិក កាលពីខែតុលា កន្លងទៅ។ មិនតែប៉ុណ្ណោះបើតាម Wall Street Journal លោកស្រី Ricardel ក៏ត្រូវបានគេរាយការណ៍ផងដែរថាជាមនុស្ស ម្នាក់នៅពីក្រោយការផ្សព្វផ្សាយរឿងអវិជ្ជមានរបស់លោកស្រី Melania។

សូមជម្រាបថា កាលពីប៉ុន្មានថ្ងៃមុននេះ លោកស្រី Melania បានស្នើឱ្យដកលោកស្រី Mira Ricardel ចេញពីតំណែងដោយ ចាត់ទុកថាទីប្រឹក្សាសន្តិសុខជាតិរងសេតវិមានរូបនេះ មិនសមបន្តធ្វើការតទៅទៀត។ ក៏ប៉ុន្តែ ទន្ទឹមគ្នានឹងការចាកចេញរបស់ លោកស្រី Ricardel ក៏មានសេចក្ដីរាយការណ៍ដែរថា លោក ដូណាល់ ត្រាំ កំពុងពិចារណារុះរើតំណែងមន្ត្រីមួយចំនួននៅក្នុង សេតវិមានក្នុងនោះមានដូចជា ប្រធានបុគ្គលិកសេតវិមាន លោក John Kelly និងរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ
លោកស្រី Kirstjen Nielsen​ ជាដើម៕