​(វ៉ាស៉ីនតោន)៖​ រដ្ឋមន្ត្រីការពារជាតិ​អាមេរិក​លោក ចេមស៍ ម៉ាត់ទីស (James Mattis) បាននិយាយថា ប្រទេសប៉ូឡូញ​បានស្នើឱ្យកងទ័ព​អាមេរិក ឈរជើងនៅលើទឹកដី​របស់ខ្លួន។ ក៏ប៉ុន្តែ​ព្រមពេល​ជាមួយគ្នា ទីក្រុងម៉ូស្គូបានចាត់​ទុកថា គំរោងនេះនឹង​គំរាមកំហែង​ដល់ សន្តិសុខ​នៅក្នុងតំបន់ ហើយនឹងមិនរារែកក្នុងការចាត់​វិធានការ​យោធា ដើម្បីការពារ​ផលប្រយោជន៍​ជាតិ។ នេះបើតាម​ការចេញ​ផ្សាយដោយ​ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

ថ្លែងប្រាប់អ្នក​សារព័ត៌មាននៅ​មន្ទីរបញ្ចកោណ នៅថ្ងៃអង្គារនេះ (ម៉ោងនៅអាមេរិក) លោក Mattis ក៏បានឱ្យ​ដឹងដែរថា លោក​នឹងពិភាក្សាលើគំរោង​នេះលម្អិត ជាមួយរដ្ឋមន្ត្រី​ការពារជាតិ​ប៉ូឡូញ លោក ម៉ារូស ប្លាសហ្សាក់ (Marius Blaszczak) ដែលកំពុង​បំពេញ​ដំណើរ​ទស្សនកិច្ច​ក្នុង​សហរដ្ឋអាមេរិក។

ដោយឡែក​បើតាម​សេចក្ដីថ្លែងការណ៍​របស់មន្ទីរបញ្ចកោណ លោក Mattis និង លោក Blaszczak បានប្ដេជ្ញាចិត្តថា ពង្រឹងទំនាក់ទំនង​យោធារវាង​សហរដ្ឋអាមេរិក និងប៉ូឡូញ ហើយនឹងបន្ត​ធ្វើការងាររួមគ្នា​តាមរយៈអង្គការ​ណាតូ ដើម្បីទប់ទល់នឹង​ឥទ្ធិពល​របស់រុស្ស៊ី។

គួរបញ្ជាក់ថា បច្ចុប្បន្ន​កងទ័ពអាមេរិក ៤,៥០០នាក់ កំពុងឈរជើង​នៅប៉ូឡូញក្រោមបេសកកម្ម​ផ្លាស់វេនគ្នា ហើយនា​ពេលថ្មីៗ នេះមាន​សេចក្ដីរាយការណ៍​ជាច្រើនថាប៉ូឡូញ​ បានស្នើឱ្យកងទ័ព​អាមេរិកមួយកង​ពល ឈរជើង​ជាអចិន្ត្រៃយ៍​នៅលើទឹកដី​របស់ ខ្លួនតែម្ដង។ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិ​រុស្ស៊ី លោក Sergei Shoigu បាននិយាយ​កាលពីថ្ងៃទី២ ខែតុលាថា គំរោងនេះ​គឺជាការ គំរាមកំហែង​ដល់សន្តិសុខនៅ​ក្នុងតំបន់ ហើយថា​រុស្ស៊ីនឹងមិនរារែកឡើយ​ក្នុងការចាត់វិធានការ​យោធា ដើម្បីការពារផល​ប្រយោជន៍​ជាតិ៕