(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុន Facebook នៅថ្ងៃអង្គារ​សប្ដាហ៍នេះ បានបិទគណនី​ជាច្រើនបន្ថែមទៀត​ដែលគេសង្ស័យថា មាន​ជាប់ពាក់ព័ន្ធនឹងរុស្ស៊ី និងព្យាយាមជ្រៀតជ្រែក​ក្នុងកិច្ចការបោះឆ្នោត ​សភា​អាមេរិកពាក់កណ្ដាល​អាណត្តិ។ នេះបើតាម​ការចេញ​ផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

ជុំវិញបិទគណនី​នេះដែរ នាយកគោលនយោបាយ​សន្តិសុខព័ត៌មានវិទ្យា​របស់ Facebook លោក ណាថានីញែល គ្លៃឈើ (Nathaniel Gleicher) បាន​គូសបញ្ជាក់​យ៉ាងដូច្នេះថា «ខណៈយើងកំពុង​បន្តការស៉ើបអង្កេត យើងបាន​រកឃើញ និងបិទចោល​គណនីអ្នក​ប្រើប្រាស់ Facebook និង Instagram បន្ថែម​ទៀត»

គួរជម្រាបថា នៅអំឡុងនៃការបោះឆ្នោត​សភាអាមេរិកពាក់កណ្ដាល​អាណត្តិកាលពីថ្ងៃទី០៦ ខែវិច្ឆិកាកន្លងទៅ ក្រុមហ៊ុន Facebook បានប្រកាសថា ខ្លួន​បានបិទ​គណនីអ្នកលេង Facebook ចំនួន ៣០នាក់ និង Instagram ៨៥នាក់ ដែលត្រូវ​បានសង្ស័យថា មានជាប់ពាក់ព័ន្ធ​នឹងរុស្ស៊ី ក៏ដូចជាព្យាមលូកដៃចូលក្នុងកិច្ចការបោះឆ្នោត​អាមេរិក។ ប៉ុន្តែគិតត្រឹម​ថ្ងៃអង្គាសប្ដាហ៍នេះ ការបិទ​គណនី Facebook បានកើន​ដល់ ៣៦នាក់ និង Instagram ៩៩នាក់ ហើយគណនីទាំងនេះ​ត្រូវបានបង្កើតឡើង​កាលពីពាក់ កណ្ដាលឆ្នាំ២០១៧ កន្លងទៅ៕