(អាហ្វហ្គានីស្ថាន)៖ ១៧ឆ្នាំបន្ទាប់ពី​ការឈ្លានពានរបស់​សហរដ្ឋអាមេរិក ប្រទេសអាហ្វហ្គានីស្ថាននៅតែបន្តស្ថិត​នៅក្នុងភាពវឹកវរ ពុករលួយ និងអំពើហង្សា​ស្ទើរទូទាំង​ប្រទេស ដែលនេះបាន​ធ្វើឱ្យប្រជាជន​អាហ្វហ្គានីស្ថានមួយចំនួន​ប្ដូរការគិត​របស់ពួកគេ​ថា អាមេរិកគឺជាអ្នក​ឈ្លានពាន និងធ្វើឱ្យអាហ្វហ្គានីស្ថានធ្លាក់ក្នុងស្ថានភាព​ដូចសព្វថ្ងៃ។ នេះបើតាមការ​ចេញផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

យោងតាម Sputnik បច្ចុប្បន្នរដ្ឋាភិបាល​អាហ្វហ្គានីស្ថាន កំពុងគ្រប់គ្រងទឹកដី ៥៥.៥ភាគរយ។ ប៉ុន្តែអគ្គអធិការ​ដ្ឋានពិសេសរបស់​យោធាអាមេរិក សម្រាប់​ការកសាង​អាហ្វហ្កានីស្ថាន​​ឡើងវិញ (SIGAR) បានអះអាងថា ភាគរយនេះគឺមាន​ចំនួនតិចតួចណាស់ បើធៀបនឹង​ខែវិច្ឆិកា ឆ្នាំ២០១៥។ ចំណែកឯ​ប្រធាន SIGAR លោក ចន ស៊ុបកូ (John Sopko) ក៏ធ្លាប់លើកឡើងនា​ពេលថ្មីៗនេះ​ដែរថា ក្នុងរយៈពេល ១៧ឆ្នាំមកនេះ បើទោះជាមាន​កិច្ចខំប្រឹងប្រែង និងជំនួយហិរញ្ញវត្ថុ​ពីសហរដ្ឋអាមេរិក និងក្រុមចំរុះ​អន្តរជាតិក៏ដោយ ក៏អាហ្វហ្គានីស្ថាននៅតែជាប្រទេស​មួយក្រីក្រ កង្វះខាត​ការអប់រំ និងជាប្រទេស​ពុករលួយបំផុតមួយនៅលើ​ពិភពលោក។

លើសលពីនេះ​ទៅទៀត លោក ម៉ូហាំម៉ដ អ៊ីស្មែល កាស៊ីមយ៉ា (Mohammed Ismail Qasimyar) ដែលជាសមាជិកនៃឧត្ដមក្រុមប្រឹក្សាសន្តិភាព​អាហ្វហ្គានីស្ថាន ក៏បានបង្ហាញ​ការសង្ស័យរបស់​លោកដែរថា សហរដ្ឋអាមេរិក និងប៉ាគីស្ថាន​មានចេតនាបង្កភាព​វឹកវរ និងចលាចលនៅក្នុងប្រទេសរបស់​លោក ដើម្បីបន្តការគ្រប់គ្រង​របស់ពួកគេ ព្រមទាំងស៉ើបការណ៍លើអ៉ីរ៉ង់ រុស្ស៉ី និងចិន។

គួរជម្រាបថា សហរដ្ឋអាមេរិកបានចូលឈ្លាន​អាហ្វហ្គានីស្ថាន កាលពីឆ្នាំ២០០១ ដើម្បីផ្ដួលរំលំរដ្ឋាភិបាល​តាលីបង់ ហើយ​មកទល់នឹងពេលនេះ អង្គការណាតូរបស់អាមេរិក បានសម្រេច​កាត់បន្ថយចំនួនកងទ័ព​របស់ខ្លួនពី ១៥០,០០០នាក់ មកនៅត្រឹម ១៥០០០នាក់។ ក៏ប៉ុន្តែ​ស្របពេលវត្តមានយោធា​ត្រូវបានកាត់បន្ថយ សហរដ្ឋអាមេរិក​បែរជាបង្កើនការវាយប្រហារ​តាមផ្លូវ​អាកាសទៅវិញ។​

ជាក់ស្ដែង​គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០១៨នេះ កងកម្លាំងទ័ព​អាកាសអាមេរិក ក្រោមបញ្ជា​លោក ​ដូណាល់ ត្រាំ បានទម្លាក់​គ្រាប់បែក ៤,៩៤៣គ្រាប់ នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ខណៈកាលពី​ឆ្នាំ២០១១ អាមេរិកបាន​ទម្លាក់គ្រាប់បែក ៤,២៦៦គ្រាប់
គិតត្រឹមរយៈពេល​ដូចគ្នា ក្រោមយុទ្ធនាគារប្រយុទ្ធប្រឆាំងក្រុម​តាលីបង់ និងក្រុម ISIS៕