(សិង្ហបុរី)៖ ទីប្រឹក្សាសន្តិសុខជាតិ​​អាមេរិក លោក ចន បូលតុន (John Bolton) បាននិយាយថា ខ្សែអាត់សំឡេងនៃការធ្វើឃាត​​អ្នក​កាសែតជនជាតិអារ៉ាប៊ីសាអូឌីត លោក Jamal Khashoggi គឺពុំមានភស្តុតាងជាក់លាក់ណាមួយ ដែលអាចបញ្ជាក់​ថា​​ព្រះអង្គម្ចាស់​ស្នងរាជ្យ​​​អារ៉ាប៊ីសាអូឌីត មហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) មានជាប់ពាក់ព័ន្ធក្នុងរឿង​នេះ​ឡើយ។ នេះបើតាមការ​ដកស្រង់​ការផ្សាយចេញពី​សារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹក​ថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការគូសបញ្ជាក់​របស់លោក Bolton ត្រូវបានធ្វើឡើង​បន្ទាប់ពីសារព័ត៌មាន​អាមេរិក New York Times បានចុះ​ផ្សាយ​ថា​ តួកគីបាន​ចែករំលែកខ្សែអាត់សំឡេង​ខាងលើ ជាមួយប្រទេសមួយ​ចំនួន រួមមានទាំង​សហរដ្ឋអាមេរិក​ជាដើម ដោយក្នុង​នោះ​គេបានលឺ​សំឡេង​បុគ្គលម្នាក់ក្នុងចំណោមក្រុមឃាតក​ដែលបានសម្លាប់​លោក Khashoggi និយាយ​ទូរស័ព្ទ​ប្រាប់​បុគ្គល​​ម្នាក់ទៀតថា ​«ប្រាប់ចៅហ្វាយ​រ​បស់លោក​ទៅថា បេសកកម្ម​បានបញ្ចប់​ដោយ​ជោគជ័យ​ហើយ»

សារព័ត៌មាន New York Times បានអះអាង​ទៀតថា ក្រុមមន្រ្តី​ស៊ើបការណ៍​សម្ងាត់អាមេរិក​ជឿជាក់ថា ពាក្យថា «ចៅ​ហ្វាយ» នោះសំដៅ​ទៅលើ​ព្រះអង្គម្ចាស់ Bin Salman ហើយ​បុគ្គលដែល​បានហៅទូរស័ព្ទ​នោះ គឺជាអតីត​អង្គរក្ស​របស់​​ព្រះអង្គ​ម្ចាស់ឈ្មោះ ម៉ាហឺ អាប់ឌុលឡាស៊ីស មូត្រេប (Maher Abdulaziz Mutreb)។

កន្លងទៅនេះ អាជ្ញាធរតួកគីបាន​ឲ្យដឹងថា លោក Khashoggi គ្រាន់​តែ​ឈាន​ជើង​​ចូល​ដល់​ក្នុង​ស្ថាន​កុង​ស៊ុល​​អារ៉ាប៊ី​សាអូ​ឌីត​នៅទីក្រុងអ៊ីស្តង់ប៊ុល កាលពី​ថ្ងៃទី០២ ខែតុលា ដើម្បីយកឯកសារ​ត្រៀមរៀបអាពាហ៍ពិពាហ៍ ត្រូវបានគេ​​​សម្លាប់​​ភ្លាមៗ ខណៈសាកសព​របស់លោកត្រូវកាត់​ជាកង់ៗ ហើយ​យកទៅបោះចោលមិនដឹងនៅទីណា​ឡើយ។ ​ប្រធានាធិប​តី​តួកគី ក៏បានលើកឡើង​ផងដែរថា ករណីឃាតកម្ម​នេះ​ត្រូវបានធ្វើឡើង​ក្រោមការបញ្ជា​ពីថ្នាក់លើ​ក្នុងជួរ​រដ្ឋាភិបាល​​អារ៉ាប៊ីសាអូឌីត ប៉ុន្តែពុំបានធ្វើ​ការចោទប្រកាន់ចំៗ​ណាមួយ​ឡើយ។

កាលពីខែមុន​អារ៉ាប៊ីសាអូឌីត​បានប្រកាសថា ជនសង្ស័យចំនួន ១៨នាក់ ត្រូវបានចាប់ខ្លួន ក្នុងផ្នែកកិច្ចការ​ស៊ើបអង្កេត​​​នៃ​សំណុំរឿង​លោក Khashoggi។ អាជ្ញាធរ​អារ៉ាប៊ីសាអូឌីត បានបដិសេធថា រាជវង្សអារ៉ាប៊ីសាអូឌីត​ពុំមានជាប់ពាក់ព័ន្ធ​ ​ក្នុង​ហេតុការណ៍នេះ​ឡើយ៕